(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ នៅតែបន្តធ្វើតាមការគ្រោងទុក ប៉ុន្តែឈរលើស្ថានភាពវិវត្តន៍ជាក់ស្តែង នៃការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាម លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំ ASEM13 ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក លុយ ដាវីត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រហូតមកទល់ថ្ងៃនេះ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ ក៏ដូចជាលេខាធិការដ្ឋាន នៃគណៈកម្មការជាតិនេះ នៅតែបន្តការរៀបចំកិច្ចប្រជុំកំពូលនេះ តាមពេលវេលាដែលបានគ្រោងទុក ដូចដែលបានឯកភាពគ្នា ជាមួយថ្នាក់ដឹកនាំអាស៉ី-អឺរ៉ុប ទាំង៥៣។ ម្យ៉ាងវិញទៀត លិខិតអញ្ជើញដែលបានចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស គឺបានបញ្ជូនទៅគ្រប់ភាគីដែលនឹងចូលរួមរួចរាល់អស់ហើយ, ហើយរហូតមកទល់ពេលនេះ មានថ្នាក់ដឹកនាំមួយចំនួន បានឆ្លើយតប និងបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះ រួចហើយដែរ»

ពាក់ព័ន្ធនឹងដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលនេះ លោក លុយ ដាវីត បានឲ្យដឹងថា សម្រាប់កម្ពុជាយើង ការងារមួយចំនួនធំ យើងបានសម្រេចអស់ហើយ ដើម្បីឈានទៅការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំខាងលើនេះ នៅខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ ជាឧទាហរណ៍ ដូចជាការសាងសង់អគារទំនើប សម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះ គឺជិតរួចរាល់ហើយ ខណៈមធ្យោបាយធ្វើដំណើរ សម្រាប់ទទួលប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រួមជាមួយថ្នាក់ដឹកនាំប្រទេស និងដៃគូទាំង៥៣នោះ ក៏បានមកដល់កម្ពុជាយើងរួចរាល់ហើយដែរ។

«ខ្ញុំសូមសង្កត់ធ្ងន់ថា ហានិភ័យតែមួយគត់ ដែលអាចប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូលនេះ គឺបញ្ហាជំងឺកូវីដ១៩នេះហើយ ហេតុដូច្នេះហើយ ទើបយើងត្រូវតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ទាំងក្នុងកម្ពុជា ក៏ដូចជាសកលលោកទាំងមូល អំពីការស្ថានការណ៍វិវត្តិន៍នៃជំងឺនេះ»។ លោក លុយ ដាវីត គូសបញ្ជាក់។

លោក លុយ ដាវីត បានឲ្យដឹងផងដែរថា បើស្ថានការណ៍វិវត្តន៍នៃការរីករាលដាលជំងឺកូវីដ១៩ នៅតែបន្ត ហើយកាន់តែខ្លាំង ព្រមជាមួយនឹងប្រទេសដទៃទៀត ផ្អាកការរៀបចំកិច្ចប្រជុំកំពូលធំៗនោះ, កម្ពុជាពុំមានជម្រើសអ្វីក្រៅពីលើកពេលវេលានៃកិច្ចប្រជុំនេះដែរទេ ប៉ុន្តែរាល់ការពន្យារពេល ឬលើកពេលវេលាកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបនេះ គឺត្រូវតែមានកុងសង់ស៉ីសរវាងដៃគូទាំង៥៣។ លោកអះអាងថា ការរៀបចំកិច្ចប្រជុំកំពូលនេះទៀតសោត មិនអាចធ្វើតាមរយៈសន្និសីទវីដេអូបានទេ (Video Conference)។

សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល ASEM13 នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា អំពីដំណើរការរៀបចំកិច្ចនេះ នៅទីស្តីការក្រសួង ដោយមានការចូលពីមន្រ្តីជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធនានាជាច្រើនរូបផងដែរ។ ASEM13 ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ត្រូវបានប្រកាសកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

កម្ពុជាបានក្លាយជាសមាជិករបស់ ASEM នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាម្ចាស់ផ្ទះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម» ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៉ី ចំនួន៥១ប្រទេស លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។

ASEM ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលពីប្រទេសចំនួន១៥ នៃសហភាពអឺរ៉ុប និងប្រទេសចំនួន៧ នៃសមាជិកអាស៊ាន បូកថែមប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងស្នងការអឺរ៉ុបប៉ុណ្ណោះ។ នៅពេលនោះអឺរ៉ុប បានទទួលស្គាល់ពីការ អភិវឌ្ឍការលូតយ៉ាងរហ័ស និងសក្តានុពលនៅក្នុងតំបន់អាស៉ី ហើយគេចង់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ តាមរយៈការពង្រឹង និងការធ្វើទំនើបកម្មទំនាក់ទំនងលើវិស័យ ឬសរសរស្តម្ភបីគឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

កិច្ចប្រជុំកំពូល ASEM គឺជាការជួបគ្នារវាង ២ឆ្នាំម្តង របស់ប្រមុខដឹកនាំរដ្ឋ និងរដ្ឋាភិបាល, ប្រធាន នៃក្រុមប្រឹក្សាអឺរ៉ុប, ប្រធាននៃស្នងការអឺរ៉ុប និងអគ្គលេខាធិការ នៃសមាគមប្រជាជាតិ អាស៉ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ វាបានក្លាយជាវេទិកាមួយយ៉ាងសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព៕