(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដល់នូវសម្ភារបរិក្ខារពេទ្យ ជូនដល់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចក្រអង្រែ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្នុងពិធីសំណេះសំណាល និងប្រគល់-ទទួលសម្ភារៈនេះ បានធ្វើឡើងនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវការកោតសរសើរ និងសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ដែលបានខិតខំប្រឹងប្រែ លះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីព្យាលបាលអ្នកជំងឺកូវីដទាំង១២២នាក់បានជាសះស្បើយ ត្រលប់ទៅប្រទេស និងផ្ទះរៀងៗខ្លួន។ ជាពិសេស ក្នុងការចូលរួមចំណែកការពារ ទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ។

ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមមានស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់រលកទីពីរ នៃការចម្លងវីរុសកូវីដ១៩នៅកម្ពុជា តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យដៃស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែង ឬក្រមាឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលផងដែរ។

សូមជម្រាបថា ក្នុងឱកាសទទួលជួបសណេះសំណាលនេះ កាកបាទក្រហមកម្ពុជា បានប្រគល់សម្លៀកបំពាក់ការពារសុវត្ថិភាព (PPE) ចំនួន ២០០កំប្លេរ ជូនមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងចំនួន ១០០ ជូនមណ្ឌលសុខភាពចាក់អង្រែ៕