(កណ្តាល)៖ អគារមន្ទីរពាណិជ្ជកម្មខេត្តកណ្តាលដ៏ថ្មីសន្លាង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ម​ន្ត្រីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ពិធីសម្ពោធអគារនេះថ្មីនៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាលនេះ ធ្វើឡើងឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងខេត្តកណ្តាលជាច្រើនរូបទៀត។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះវត្តអគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល និងបានថ្លែងអំណរគុណ លោក គង់ សោភ័ណ្ឌ និងមន្ត្រីក្នុងខេត្ត ដែលបានចូលរួមសហការជាមួយមន្ទីរពាណិជ្ជកម្មកន្លងមក រហូតបានសម្រេចនូវលទ្ធផលនានាជាទីគាប់ប្រសើរ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសម្ធិទផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក និងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលក្រសួងបាននិងកំពុងប្រឹងប្រែងធ្វើយ៉ាងសកម្ម ដែលមានជាអាទិ៍ការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់វិស័យពាណិជ្ជកម្ម។ ក្នុងនោះច្បាប់ចំនួន២ គឺច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។

ក្រៅពីនេះលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ក៏កំពុងតែរៀបចំតាក់តែងផងដែររួមមាន៖ ច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។ ក្រសួងក៏កំពុងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួនទៀត ដើម្បីធ្វើទំនើបកម្មឲ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ក៏បានណែនាំ និងស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្ត្រីរាជការនៅក្រសួងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។

លោក ប៉ាន សូរស័ក្តិ បានផ្តាំផ្ញើឱ្យចៀសវាងដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារ ប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា វិស័យពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យគន្លឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយសារប្រទេសយើងមានសក្តានុពលខ្ពស់សម្រាប់ពង្រីកផលិតកម្មក្នុងស្រុក និងសម្រាប់ធ្វើពិពិធកម្ម ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានកំពុងធ្វើការងារយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នឱ្យបានទាន់ពេលវេលា។ ក្រសួងកំពុងតែអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ដែលជាគោលនយោបាយពាណិជ្ជកម្មជំនាន់ទីបួន និងបានប្រកាសដាក់ឲ្យប្រើប្រាស់ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងវេទិកាត្រួតពិនិត្យឡើងវិញជាសកលនៃជំនួយសម្រាប់ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ កាលពីខែកក្កដា ឆ្នាំ២០១៩។

យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ជាផែនទីបង្ហាញផ្លូវដែលមានភាពស៊ីចង្វាក់គ្នា និងប្រទាក់ក្រឡាជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោបាយជាតិមួយចំនួនទៀត៕