(ស្វាយរៀង)៖ មូលនិធិជនពិការ បានប្រគល់ផ្ទះថ្មី១ខ្នង ទំហំ៤x៦ម៉ែត្រ ធ្វើអំពីថ្មប្រកស័ង្កសី ជូនលោក ខ្វាន់ សារឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនពិការជើងទាំងពីរ បច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ពិធីប្រគល់ផ្ទះថ្មី១ខ្នងនេះ ដឹកនាំដោយ លោក សៅ ឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ ដោយមានការចូលរួមពីនាយកមូលនិធិជនពិការ ថ្នាក់ដឹកនាំមូលនិធិជនពិការ អភិបាលរងខេត្តស្វាយរៀង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក្រុមប្រឹក្សាស្រុកស្វាយទាប លោកអភិបាលរងស្រុកស្វាយទាប ក្រុមការងារថ្នាក់ជាតិចុះជួយឃុំសំបួរ ក្រុមប្រឹក្សាឃុំសំបួរ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង រៀបចំឡើងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ការផ្ដល់ជូនផ្ទះថ្មីមួយខ្នងនេះជូនជនពិការខាងលើ គឺបន្ទាប់ពីមានការពិនិត្យ និងវាយតម្លៃរបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍របស់មូលនិធិជនពិការ ដែលក្នុងនោះលោក ហ៊ុត ពន្លឺ ប្រធានគណៈកម្មការបានចុះពិនិត្យ និងវាយតម្លៃផ្ទាល់ បន្ទាប់ពីមានការស្នើសុំពីសាខាមូលនិធិជនពិការខេត្ត មានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និងតាមការវាយតម្លៃជនពិការរូបនេះ ពិតជាជនពិការក្រីក្រមានផ្ទះខ្ទមចាស់ទ្រុតទ្រោម និងពុំមានមុខរបរច្បាស់លាស់ ដោយពឹងផ្អែកទៅលើចំណូលរបស់ប្រពន្ធ និងកូន។

លោក សៅ ឡែន បានបញ្ជាក់ថា ផ្ទះមួយខ្នងនេះចំណាយអស់ថវិកា ១៦,០០៨,០០០រៀល ដែលជាថវិកាបានមកពីអំណោយសប្បុរសធម៌ដែលសប្បុរសជនបានបរិច្ចាគចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ដែលហិបនេះបានដាក់នៅតាមវត្ដអារាម កន្លែងទេសចរណ៍ ក្រុមហ៊ុន រោងចក្រ ធនាគារ សណ្ឋាគារ ។

លោក ក៏បានបន្ដទៀតថា កន្លងមកមូលនិធិជនពិការបានប្រគល់ផ្ទះជូនទៅជនពិការក្រីក្រនៅខេត្តបាត់ដំបង ខេត្តតាកែវ និងខេត្តសៀមរាប នេះជាផ្ទះទី៤ ហើយមូលនិធិជនពិការនឹងផ្ដល់ជូនបន្ដនៅខេត្តផ្សេងៗទៀត ដែលខេត្តខ្លះសាងសង់រួច៩០% និងខេត្តខ្លះបានសាងសង់រួចជាស្ថាពរ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការផ្ដល់ផ្ទះនេះមូលនិធិជនពិការបានប្រជុំជាច្រើនលើកច្រើនសារ លើការកំណត់លក្ខណៈសម្បត្តិរបស់ជនពិការក្រីក្រដែលត្រូវបានសាងសង់ផ្ទះជូន ក្នុងការចុះពិនិត្យ និងវាយតម្លៃជនពិការក្រីក្រតាមសហគមន៍។

លោក សៅ ឡែន បានកោតសរសើរ ដល់មូលនិធិជនពិការ ដែលបានខិតខំប្រឹងប្រែងអនុវត្តនូវវិធានការណ៍ជាច្រើនដូចជា វិធានការណ៍រក្សាគំលាត ការថែរក្សាអនាម័យ ការប្រើប្រាស់ឧបករណ៍ការពារសុវត្ថិភាព និងផ្ទាំងអប់រំនានា សំដៅឱ្យជនពិការទទួលបាននូវការស្តារលទ្ធភាពពលកម្ម ប្រកបដោយគុណភាព និងសុវត្ថិភាព។

ក្នុងពិធីនេះដែរ លោក ជួរ រតនៈ នាយកមូលនិធិជនពិការ ក៏បាននាំយកអំណោយសប្បុរសធម៌ សម្រាប់ផ្តល់ជូនដល់គ្រួសារលោក ខ្វាន់ សារឿន រួមមាន៖ ថវិកា ១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ មី១កេស និងសំលៀកបំពាក់១កញ្ចប់។

ជាមួយគ្នានោះ លោកក៏បានផ្តាំផ្ញើរដល់ លោក ខ្វាន់ សារឿន ឱ្យថែរក្សាសុខភាព និងទៅទទួលសេវា ដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌល ស្តារលទ្ធភាពពលកម្មកាយសម្បទាដែលនៅជិតបំផុត ដើម្បីបង្កើនលទ្ធភាពរបស់គាត់ក្នុងការចូលរួមសកម្មភាពនានារបស់សង្គម។

ក្រៅពីសម្ភារៈទាំងនេះ ជនពិការខាងលើក៏បានទទួលនូវការឧបត្ថម្ភបន្ថែម ជាអង្ករ៣០គីឡូក្រោម សារុង១ មុង១ ភួយ១ ក្រមា១ និងកន្ទេល ១ ពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។

ចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមចំនួន២០នាក់ ក៏ទទួលបាននូវកញ្ចប់អំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងនូវអង្ករ៣០គីឡូក្រោម សារុង១ មុង១ ភួយ១ ក្រមា១ និងកន្ទេល១ ព្រមទាំងថវិកាមួយចំនួនពីមូលនិធិជនពិការផងដែរ។

គូសបញ្ជាក់ថា ដើម្បីបន្តអនុវត្តកិច្ចការពារ និងបង្ការការីករាលដាលនៃជំងឺកូវីដ១៩ សាខាមូលនិធិជនពិការខេត្តស្វាយរៀង ក៏បានរៀបចំជាម៉ាស ទឹកអាកុល និងម៉ាស៊ីនស្ទង់កំដៅ ដល់អ្នកចូលរួមក្នុងកម្មវិធីនេះ៕