(ភ្នំពេញ)៖ ក្រុមហ៊ុន MVLLABS ភីធីអិលធីឌី (MVL) ដែលជាក្រុមហ៊ុន នៅពីក្រោយក្រុមហ៊ុន TADA សេវាកម្មកក់ការធ្វើដំណើរមិនកាត់កម្រៃជើងសារ ដំបូងបង្អស់ នៅអាស៊ីអាគ្នេយ៍ ផ្អែកលើបច្ចេកវិទ្យា Blockchain នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានប្រកាសថា ចំពោះការទទួលប្រាក់វិនិយោគទុនបន្តពីការវិនិយោគ Series A ពីធនាគារពាណិជ្ជកម្ម Shinhan ជាធនាគារមានទុនច្រើនជាងគេមួយនៅប្រទេសកូរ៉េខាងត្បូង។

ក្រុមហ៊ុន Samkee Automotive ដែលជាក្រុមហ៊ុនឯកទេសខាងធ្វើពុម្ពគ្រឿងម៉ាស៊ីនលំដាប់ថ្នាក់អន្តរជាតិមួយ និងក្រុមហ៊ុន iloom ដែលជាម៉ាក់គ្រឿងសង្ហារឹមក្នុងផ្ទះ ដ៏ល្បីល្បាញមួយនៅកូរ៉េខាងត្បូង ក៏បានចូលរួមក្នុងការវិនិយោគទុនលើកនេះផងដែរ ដោយការវិនិយោគទុនលើកនេះ នាំឲ្យ MVL ទទួលប្រាក់វិនិយោគសរុបជិត ១០លានដុល្លារ បើគិតតាំងពីការវិនិយោគ Series A លើកមុន។

ហិរញ្ញប្បទានពីការវិនិយោគទុននេះ នឹងត្រូវបានប្រើ ដើម្បីបន្តពង្រីកទីផ្សារបច្ចុប្បន្នរបស់ MVL ក៏ដូចជាការអភិវឌ្ឍ ប្រព័ន្ធអេកូចល័ត ដែលបង្កើតទ្បើងនៅលើបច្ចេកវិទ្បា Blockchain របស់ MVL។ ការវិនិយោគនេះនឹងធ្វើឲ្យ MVL អាចមានលទ្ធភាពបង្កើនទុនពីការពង្រីកទីផ្សាររបស់កម្មវិធី TADA ដែលជាផលិតផលរបស់ MVL។

ក្រុមហ៊ុនសង្ឃឹមថា ទាំងអ្នកបើកបរ និងអ្នកជិះអាចចូលរួមចំណែកក្នុងការធ្វើដំណើរនាថ្ងៃអនាគតប្រកបដោយនិរន្តរភាព។ តាមការវិនិយោគទុននេះ ក្រុមហ៊ុនក៏អាចធ្វើការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីនាំមកនូវផលិតផល និងសេវាកម្ម ដែលមានភាពច្នៃប្រឌិតលើបច្ចេកវិទ្យា Blockchain របស់ MVL។

លោក Kay Woo, នាយកប្រតិបត្តិរបស់ MVL បានថ្លែងថា «ជាមួយការវិនិយោគទុននេះ យើងនឹងអាចបន្តបេសកម្មរបស់យើង ក្នុងការបង្កើតប្រព័ន្ធអេកូចល័តមួយប្រកបដោយនិរន្តរភាព និងភាពប្រសើរជាងមុន។ ថ្មីៗនេះផងដែរ យើងក៏បានបើកដំណើរនូវសេវាកម្មដឹកជញ្ជូន TADA នៅកម្ពុជា ដើម្បីជួយសម្រួលដល់អាជីវកម្ម និងអ្នកបើកបររបស់យើងដែលបានទទួលរងផលប៉ះពាល់ពីការវាយលុកនៃវីរុសកូវីដ-១៩»

លោកបន្ដថា «នេះជាអ្វីដែលយើងចង់បង្ហាញថា យើងអាចប្រើបច្ចេកវិទ្យារបស់យើងជាកម្លាំងវិជ្ជមានមួយបាន។ យើងសូមថ្លែងអំណរគុណ ដល់អ្នកវិនិយោគទុនរបស់យើង ដែលមានភាពជឿជាក់ទៅលើចក្ខុវិស័យនៃប្រព័ន្ធអេកូចល័ត ដែលប្រសើរ មាននិរន្តរភាព និងមិនលម្អៀងរបស់យើង»។

តំណាងរបស់ធនាគារ Shinhan ក៏បានឱ្យដឹងផងដែរថា «ប្រព័ន្ធចល័តលើបច្ចេកវិទ្យា Blockchain របស់ MVL មានការរីកចម្រើនយ៉ាងខ្លាំង សម្រាប់អ្នកប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ»។ ធនាគារនេះ រំពឹងថា នឹងបង្កើតនូវផលិតផលរួមគ្នាឲ្យកាន់តែប្រសើរ ជាមួយសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ Shinhan ដូចជាកាបូបលុយអេឡិចត្រូនិចរបស់ខ្លួន ដើម្បីផ្តល់អត្ថប្រយោជន៍ឈ្នះឈ្នះដល់ធនាគារ Shinhan និងក្រុមហ៊ុន MVL៕