(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅម្ចាស់ Facebook «HILO TYRE» ដែលកាត់តច្នៃប្រឌិតរូបភាព និងអត្ថបទ ដែលធ្វើឲ្យប៉ះពាល់ ដល់កងកម្លាំងនគរបាលជាតិ ពាក់ព័ន្ធយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ក្រោយការសួរនាំ និងដឹងខ្លួនខុស ម្ចាស់ Facebook ក៏បានទទួលកំហុស និងថតវីដេអូសុំទោសជាសាធារណៈផងដែរ។

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានយ៉ាងដូច្នេះថា «ដោយមានសហការ រវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ បានកោះហៅឈ្មោះ ស៊ឹម មួយគ្រី ភេទស្រី អាយុ៣០ឆ្នាំ មានមុខរបរ លក់សំបកកង់ឡាន និងជាម្ចាស់ផេកហ្វេសប៊ុក HILO TYRE ដែលបានកាត់តច្នៃប្រឌិតរូបភាព និងអត្ថបទ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កត្ដិយស និងសេចក្តីថ្លៃថ្នរ របស់កងកម្លាំងនគរបាលជាតិ ក្នុងកំឡុងពេលអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០»

បើតាមស្ន ងការដ្ឋាននគរបាលរាជធានីភ្នំពេញ, «ឈ្មោះ ស៊ឹម មួយគ្រី បានដឹង និងទទួលកំហុស ដែលខ្លួនបានធ្វើខុស ក៏ដូចជាបានធ្វើកិច្ចសន្យា ជាពិសេសបានថតវីដេអូសុំទោស ជាសាធារណៈនូវ កំហុសដែលខ្លួន បានធ្វើដោយខ្វះការត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ដែលបានធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈមតិ មានការយល់ច្រឡំ មកលើសមត្ថកិច្ច ស្របពេល ដែលសមត្ថកិច្ចគ្រប់រាជធានី-ខេត្ត បាននឹងកំពុងខិតខំអនុវត្តច្បាប់ចរាចរណ៍ទាំងយប់ថ្ងៃ ក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិ របស់អ្នក និងអ្នកដ៏ទៃ»