(កំពង់ធំ)៖ ខ្នងផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំដោយឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយព្រះតេជគុណចែម មុន្នីចិន្តា ព្រះគ្រូចៅអធិការវត្ត ពោធិវង្សហត្ថី និងអាជ្ញាធរដែនដីឃុំភូមិ ប្រគល់ជូនគ្រួសារអតីតយុទ្ធជន ដែលគ្មានជម្រកស្នាក់នៅ នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកស្រី ឱក សុខុំ អាយុ៥៣ឆ្នំា មានកូនចំនួន៣នាក់ នៅក្នុងបន្ទុកត្រូវ ជាភរិយាលោកអនុសេនីយ៍ឯក សួស នឿន ចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៨១ អតីតយុទ្ធជននៅអង្គភាពយោធាខេត្តកំពង់ធំ ហើយបានទទួលមរណភាព ដោយជំងឺនៅឆ្នាំ២០០៨ ក្នុងជន្មាយុ៥០ឆ្នាំ។

មុនពេល ទទួលបានផ្ទះថ្មី ក្រុមគ្រួសារនេះ រស់នៅជ្រកកោនជាមួយបងប្អូនម្ដងកន្លែងនេះម្តងកន្លែងនោះ គ្មានទីលំនៅពិតប្រាកដ។ តែពេលនេះដោយ ម្ដាយក្មេក បានចែកដី ឲ្យគាត់ទំហំ៤៧៥ ម៉ែត្រការេ គាត់បានរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានទើបគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត បានសាងសង់ផ្ទះជូនគាត់។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា ផ្ទះថ្មីដែលបានសាងសង់រួចនេះ គឺសាងសង់ពីសរសរបេតុងឆ្អឹងដែក ជញ្ជាំងនិងដំបូលប្រក់ស័ង្កសីកិនភ្លី រនាបក្រាលក្តារជណ្ដើរកាច់មានទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ផ្តល់ជូនគាត់។

ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរស្រុកតាំងគោក បាននាំយកនូវជំនួយឧបត្ថម្ភបន្ថែម របស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកមាន អង្ករចំនួន៥០ គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនូន២យួរ និងថវិកាមួយចំនួន។ ជាគ្នាមួយនេះ ព្រះគ្រូចៅអធិការវត្តពោធិ វង្ស ហត្ថី បានជួយឧបត្ថម្ភថវិកាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនថែមទៀតផង៕