(កំពង់ចាម)៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ បានទទួលអំណោយ ពីសាខាកាកបាទក្រហមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន អំពីការខ្វះខាតរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកបាធាយនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាធាយ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនភ្លាមៗ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក៏ដូចជាចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃចំនួន៦០គ្រួសារ។

ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ០១យួរ, ទឹកត្រី០១យួរ, ត្រីខ១០កំប៉ុង, ម៉ាស់០៥បន្ទះ និងថវិកា២០,០០០រៀល៕