(ភ្នំពេញ)៖ កូនស្រីច្បងលោក មាជ សុវណ្ណរ៉ា សកម្មជនគណបក្សសង្រ្គោះជាតិ បាន​សរសេរលិខិត​មួយ​​ច្បាប់ទៅ​ប្រធានាធិបតីសហរដ្ឋអាមេរិក​លោកបារ៉ាក់ អូបាម៉ា។ លិខិតចុះថ្ងៃទី១៣ ខែមករា របស់កូនស្រីច្បង លោក មាជ សុវណ្ណារ៉ា ឈ្មោះ មាជ សុជាតា បាន​សរសេរ​បន្ត​ថា៖ «លោកប្រធានាធិបតី ខ្ញុំនឹកឪពុកខ្ញុំណាស់។ ប្អូនស្រីខ្ញុំ​ជេន្នី មានអាយុ១១ឆ្នាំ និងប្អូនស្រី ពៅ សារ៉ាយ ​អាយុ៧​ឆ្នាំ មានក្តីទុក្ខព្រួយបំផុត។ គាត់មិនអាច​ផ្តោតអារម្មណ៍​ក្នុងការសិក្សាទៀតផង។ ចំណែកម្តាយរបស់ពួកយើងបានក្លាយ ជាស្រី្តម្នាក់ឯងរត់តាមពេលវេលាក្នុងការថែទាំកូនផង និងធ្វើជំនួញគ្រប់គ្រងកាសែតខ្មែរប៉ុស្តិ៍​ផង។ រីឪពុកក៏មានជំងឺ​ ដោយរុញច្រានឲ្យ​នាងខ្ញុំវិលវល់ដោយមិនដឹងត្រូវធ្វើអ្វី។ នាងខ្ញុំមានអារម្មណ៍អស់សង្ឃឹម និងឈឺ​ចុ​ក​ចាប់យ៉ាងខ្លាំ​ង»

កញ្ញា​បានបញ្ជាក់​ថា​៖ «ក្នុងវ័យរបស់ខ្ញុំអាយុប្រហាក់ប្រហែលកូនស្រី របស់លោកប្រធានាធិបតី នាងខ្ញុំជឿ​ជាក់​ថា លោ​កពិ​តជាស្រ​ឡាញ់កូនស្រី របស់លោកខ្លាំងណាស់ ដូចឪពុករបស់យើងខ្ញុំក៏ស្រឡាញ់ពួកយើងខ្ញុំខ្លាំងណា​ស់​ដែរ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ​បានផ្ដន្ទាទោសលោក មាជ សុវណ្ណារ៉ា ឲ្យជាប់​ពន្ធនាគារ​២០ឆ្នាំ​ពីបទដឹកនាំ និងចូលរួមក្នុងចលនា​​កុប្បកម្មនាំឲ្យមានហិង្សា ​នៅក្បែរ​ទីលា​នប្រ​ជាធិបតេយ្យ កា​​លពី​ខែកក្កដា ឆ្នាំ២០១៤៕