(ព្រៃវែង)៖ កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលីទឹកសាបមួយកន្លែង នៅក្រុងព្រៃវែង កំពុងទាក់ទាញទីផ្សារ ខណៈប្រភេទបង្កងមួយនេះ ត្រូវបានប្រជាពលរដ្ឋចូលចិត្តទិញយកទៅធ្វើម្ហូប ដោយសារមានរសជាតិឆ្ងាញ់ ដូច្នេះក៏បានជំរុញចិត្តដល់កសិករមួយរូប ដែលជាមន្ត្រីរាជការចូលនិវត្តន៍ ចាប់យកអាជីពជាអ្នកចិញ្ចឹមបង្កងអូស្ត្រាលីទឹកសាបនេះ ក្នុងការរកប្រាក់ចំណូលបន្ថែម បន្ទាប់ពីប្រាក់ខែចូលនិវត្តន៍របស់គាត់។

ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Fresh News កសិករឈ្មោះ យុន សុផល រស់នៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានឲ្យដឹងថា ការចិញ្ចឹមបង្កងអូស្រ្តាលីទឹកសាបនេះ មានភាពងាយស្រួលមិនពិបាកប៉ុន្មាននោះទេ ហើយសព្វថ្ងៃនេះទីផ្សារក៏ងាយស្រួលក្នុងការលក់ដូរផងដែរ។ លោកអះអាងថា ឲ្យតែមានបង្កងលក់ មានគេយកទិញទាំងអស់តែម្ដង ធ្វើឲ្យចំណូលពីមុខរបរនេះ បានជួយគ្រួសារគួរសមដែរ។

កសិកររូបនេះបានបន្តទៀតថា សព្វថ្ងៃលោកមិនទាន់បានឈានទៅដល់ការចិញ្ចឹមបង្កងលក្ខណៈយកសាច់លក់ផ្គត់ផ្គង់ទីផ្សារនោះទេ ក៏ប៉ុន្តែលោកបានចិញ្ចឹមបង្កង ដើម្បីបង្កាត់ពូជដោយគាត់ លក់ជាកូន និងមេបាពូជតែប៉ុណ្ណោះ ហើយលោកនឹងបន្តជំរុញបង្កើតអាងដើម្បីចិញ្ចឹមបង្កងសាច់ ក្នុ្ងងការលក់ដូរនៅពេលខាងមុខនោះ។

លោក យុន សុផល បានលើកឡើងផងដែរថា ចំពោះកូនបង្កងដែលលោកលក់ ក្នុងមួយខែជាមធ្យម បាន ១៥០០កូន ហើយចំណែកមេបាពូជបានចំនួន ១២០ក្បាល ដោយកូនបង្កងមួយក្បាលតម្លៃ ២ពាន់រៀល ហើយមេបាពូជក្នុងមួយគូតម្លៃ ១០ដុល្លារអាមេរិក។ ចំពោះការកម្មង់ទិញពូជកូនបង្កង និងមេបាពូជ ច្រើនមកពីខេត្ដមណ្ឌលគិរី រតនៈគីរី និងក្រចេះ។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា សព្វថ្ងៃការចិញ្ចឹមបង្កងរបស់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង ពុំសូវសម្បូរអ្នកប្រកបរបរនេះទេ ទើបតែមានគ្រួសារមួយនៅក្នុងភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ចាប់យករបរនេះ ដោយបានដំណើរជាង ១ឆ្នាំមកហើយ។

បន្ទាប់ពីដំណើរការមកឃើញថា ទីផ្សារនិងការចិញ្ចឹមបង្កងរបស់គ្រួសារនេះ ចេះតែរលូនទៅមុខពុំមានការរាំងស្ទះអ្វីឡើយ ហើយក្នុងនាមមន្ទីរជំនាញ លោកសូមធ្វើការគាំទ្រដល់កសិករណា ដែលមានបំណងប្រកបរបរចិញ្ចឹមបង្កង និងថែមទាំងផ្តល់មន្ត្រីជំនាញចុះទៅង្ហាត់បង្ហាញបច្ចេកទេស ពីរបៀបក្នុងចិញ្ចឹមបន្ថែមទៀតផងដែរ៕