(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមករានេះ បានជួបពិភាក្សាការងារជាមួយ លោក ភីថឺ ហ្ស៊ីហ្សារតូ (Peter Szijjarto) រដ្ឋមន្រ្តីការបរទេសហុងគ្រី និងក្រុមគណប្រតិភូ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងជំនួបដ៏មានតម្លៃនោះ លោក Peter Szijjarto បានសំដែងនូវការអបអរសាទរ ចំពោះការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតិរីកចម្រើន ជាពិសេសនាំមកនូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ ហុងគ្រី ធ្លាប់បានជួយកម្ពុជាពីមុន ហើយពេលនេះ បានបើកការិយាល័យ ទំនាក់ទំនងពាណិជ្ជកម្មនៅកម្ពុជា និងបានចុះហត្ថលេខាជំរុញវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។ ជាមួយគ្នានោះ ហុងគ្រី បានបើកធនាគារ ដើម្បីផ្ដល់ឥណទាននៅកម្ពុជា។

លោក Peter Szijjarto បានបញ្ចាក់ទៀតថា ប្រទេសទាំងពីរកំពុងមានសក្តានុពលច្រើន ដែលអាចសហការជាមួយគ្នាបាន ក្នុងនោះភាគីហុងគ្រី ក៏មានចំណាប់អារម្មណ៍ និងចង់សហការ និងជួយកម្ពុជាលើវិស័យមួយចំនួនដូចជា បច្ចេកវិទ្យានៃការគ្រប់គ្រងទឹក កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័នជាដើម ។ ចំពោះការអភិវឌ្ឍន៍ធនធានមនុស្ស ហុងគ្រីបានសន្យាបន្តផ្ដល់អាហារូបករណ៍ យ៉ាងហោចណាស់ចំនួន១៥ ក្នុងមួយឆ្នាំៗដល់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន សោមនស្សរីករាយ ចំពោះជំនួបពិភាក្សាការងារជាមួយប្រទេស ដែលជាដៃគូមិត្តចាស់។ តាមពិតហុងគ្រី បានភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជាតាំងពី ឆ្នាំ១៩៦៣ មកម៉្លេះ។ ប្រទេសទាំងពីរសន្យាពង្រឹងផ្សាភ្ជាប់ ទំនាក់ទំនងសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ឲ្យកាន់តែរីកចម្រើន ហើយបានសន្យាដើម្បីពង្រឹង និងជំរុញទំនាក់ទំនងគ្នាឲ្យកាន់តែ ល្អប្រសើររវាងប្រជាជាតិនៃប្រទេសទាំងពីរ៕

សម្តេចតេជោ ពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការបរទេសហុងគ្រី

Video: សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក Peter Szijjarto រដ្ឋមន្រ្តីការបរទេសហុងគ្រី(Hungary) នៅវិមានសន្តិភាពថ្ងៃទី ១៤ មករា ២០១៦។

Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, January 14, 2016