(មណ្ឌលគិរី)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីកាប់រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា ៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

ជនត្រូវចោទឈ្មោះ សន ណន ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជននេះត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនបាន ខណៈធ្វើសកម្មភាពកាប់រុករានដីព្រៃ ដែលមានទំហំសរុប៨ហិកតា ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយនាំខ្លួនយកមកសាកសួរ ដើម្បីកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ចាត់ការបន្តតាមនីតិវិធី។

បច្ចុប្បន្នជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ខេត្តមណ្ឌលគិរី៕