(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បាននាំយករបស់កាកបាទក្រហមកម្ពុជា ចុះប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ចាស់ជរា ជនពិការ កុមារកំព្រា និងស្ត្រីមេម៉ាយគ្មានទីពឹងចំនួន១៥០គ្រួសារ រស់នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ពិធីនេះធ្វើឡើងដោយក៏មានការចូលរួមពីអនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទកក្រហមកម្ពុជាខេត្ត អនុគណៈកម្មាធិការសាខា និងលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានជាច្រើនរូប ផងដែរ។

ក្នុងឱកាសនេះលោក ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងទៀតថា នេះការយកចិត្តទុកដាក់ និងការមើលឃើញពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ពិសេសរស់នៅត្រូវប្រកបដោយអនាម័យ ព្រមទាំងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ ដើម្បីជៀសផុសពីជំងឺកូវីដ១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា អំណោយកាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនដល់មកបងប្អូនប្រជាពលរដ្ឋក្រីក្រទាំង១៥០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករទម្ងន់២៥ គីឡូក្រាម និងត្រីខ ផងដែរ៕