(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយ លើបណ្តាញសង្គម Facebook ដែលបំផុស និងញុះញង់ប្រជាពលរដ្ឋឲ្យមានការយល់ច្រឡំ និងស្អប់មកលើសមត្ថកិច្ច។ នេះបើតាម Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរយ៉ាងដូច្នេះថា «សូមធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មាន ដែលបានចុះផ្សាយលើគណនេយ្យហ្វេសបុក នៅក្រៅប្រទេសមួយ ដែលតែងតែផុសព័ត៌មានមិនពិត មានលក្ខណៈបំផុសបំផុល ញុះញង់ប្រជាពលរដ្ឋ ឲ្យមានការយល់ច្រឡំ និងស្អប់មកលើសមត្ថកិច្ច ជាពិសេសមានបំណងបង្ខូចកិត្តិយសសមត្ថកិច្ច ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក»

តាមពិតជាក់ស្តែង សមត្ថកិច្ចតែងតែមានការយោគយល់ ដល់ប្រជាពលរដ្ឋដែលមានការទីទ័លក្រ ដូចជាករណីនេះលោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការនរគបាលខណ្ឌច្បារអំពៅ លោកបានឃើញ ប្រជាពលរដ្ឋមានភាពក្រីក្រ ជិះម៉ូតូចាស់គ្មានស្លាកលេខ គ្មានកញ្ចក់ មិនពាក់មួកសុវត្ថិភាព ប៉ុន្តែដោយការយោគយល់ និងក្តីអាណិត លោកអធិការបានធ្វើការណែនាំអប់រំ និងប្រាប់គាត់ឲ្យមាន ការប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ចរាចរណ៍ គ្រប់ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព គោររពភ្លើង ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ដើម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ។

ក្រោយណែនាំអប់រំរួចមក លោកអធិការក៏បានអនុញ្ញាតឲ្យគាត់បន្តដំណើរទៅមុខទៀត ដោយគ្មានការផាកពិន័យឡើយ។ មុននឹងចេញដំណើរ បន្តប្រជាពលរដ្ឋទាំង២ ក៏បានអរគុណដល់សមត្ថកិច្ច ដែលមានការអនុគ្រោះ និងយោគយល់ដល់គាត់ទាំង២ ដែលជាអ្នកទីទ័លក្រ ដោយគ្រាន់តែធ្វើការណែនាំអប់រំ និងចូលរួមគោរពច្បាប់ ដោយមិនមានការពិន័យឡើយ៕