(ប៉ៃលិន)៖ ទាហានថៃ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានយល់ព្រមរុះរើរោងរបស់ខ្លួនចេញពីតំបន់ស ដែលបានសាងសង់ដោយបំពានតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅខេត្តប៉ៃលិន កាលពីពេលកន្លងទៅ។

ការយល់ព្រមរុះរើរោងដែលសង់ដោយបំពាននេះ បានធ្វើឡើងក្រោយពីមានការជួបប្រជុំគ្នា រវាងឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ និងវរសេនីយ៍ឯក ធីរ៉ាក់វ៉ាត់ សែនចៃរ៉ាក់ មេបញ្ជាការយោធា ខេត្តចន្ទ័-បូរី នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ។

អ្នកនាំពាក្យ នៃយោធភូមិភាគ៥ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងការជួបប្រជុំរវាងមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៥ ជាមួយមេបញ្ហាការយោធាខេត្តចន្ទ័បូរី បានដោះស្រាយទំនាស់ ដែលបានកើតឡើងយ៉ាងយូរមកហើយៗនៅក្នុងតំបន់ស តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ពីមុនមក ដោយភាគីថៃព្រមរុះរើរោងដែលថៃបានសាងសង់នៅលើ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់សចេញ។

ក្នុងជំនួបនោះដែរ ឧត្តមសេនីយ៍ សេង ធារិន ក៏បានស្នើឲ្យភាគីថៃបើកច្រកទ្វាអន្តរជាតិព្រំដែនប៉ៃលិនឡើងវិញ ដើម្បីឲ្យមានការដោះដូរទំនិញទៅវិញទៅមក រវាងប្រទេសទាំងពីរ៕