(កំពង់ចាម)៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកំពង់ចាម (ក.ប.ប) បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យទំនិញនៅផ្សារចំកាលើនៅភូមិថ្នល់បំបែក ឃុំស្វាយទាប ស្រុកចំកាលើ ខេត្តកំពង់ចាម។ លោកបានថ្លែងថា ក្រោយពេលត្រួតពិនិត្យយើង ពុំឃើញមានទំនិញខូចគុណភាពឡើយ។

មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាប ការក្លែងបន្លំខេត្តកំពង់ចាម បានថ្លែងថា ការចុះត្រួតពិនិត្យផលិតផលទំនិញដាក់ តាំងលក់នេះ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមី ហាមឃាត់នៅផ្សារចំការលើ ដោយបានធ្វើតេស្តបឋមលើមុខទំនិញមួយចំនួន។

លោកបានណែនាំដល់អាជីវករលក់ដូរនៅតាមផ្សារទូទៅទាំងអស់ រាល់ការលក់ទំនិញ គ្រឿងឧបភោគបរិភោគ ហូបចុកប្រចាំថ្ងៃ សូមកុំលួចដាក់សាធាតុគីមី ព្រោះវានាំឲ្យខូចសុខភាពយើងទាំងអស់គ្នា ហើយមន្រ្តីជំនាញបានធ្វើការផ្សព្វផ្សារអប់រំសុខភាពដល់អាជីវករ និងអំពាវនាវតាមរយៈការបិទស្ទិកឃើ នៅនឹងកន្លែងលក់ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតផងដែរ៕