(ភ្នំពេញ)៖ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ២៥,០០០ដុល្លារ (ពីរម៉ឺន ប្រាំពាន់ដុល្លារអាមេរិក) ដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដេីម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីមួយរូបនៅកម្ពុជា ដោយកន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា។

ថ្មីៗនេះ អ្នកឧកញ៉ារូបនេះ ក៏បានចូលរួមឧបត្ថម្ភថវិកា ៥០០,០០០ដុល្លារ ដល់ស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចំនួន ១ម៉ឺនដុល្លារផងដែរ ដើម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០នេះ។

លើសពីនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានចូលរួមចំណែកឧបត្ថម្ភ ៥០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩ ហើយកាលពីដើមឆ្នាំនេះ ឧបត្ថម្ភ ចំនួន១០ម៉ឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប និងផ្តល់ថវិកាចំនួន៣លានដុល្លារអាមេរិក សម្រាប់សាងសង់មន្ទីរពេទ្យកាល់ម៉ែត។

ជាពិសេស អ្នកឧកញ៉ា គិត ម៉េង ក៏បានបរិច្ចាគដីរបស់លោក១កន្លែង ទំហំ១,៣៧២ម៉ែត្រការ៉េ និងមានតម្លៃជាង៨លានដុល្លារ នៅជិតវត្តភ្នំរាជធានីភ្នំពេញ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានកិត្តិយសផងដែរ កាលពីឆ្នាំ២០១៨កន្លងទៅ៕