(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមានដកមុខដំណែងចំពោះមន្រ្តីរូបណា ដែលប្រើប្រាស់អំណាច កាងលើសំណុំរឿងគ្រឿងញៀន ខណៈក្រសួងយុត្តិធម៌បើកយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត ជាពិសេសបទល្មើសគ្រឿងញៀនប្រមាណជិត ៤ម៉ឺនសំណុំរឿង។

នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សាការងារ រវាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ឯកឧត្តម កែ គឹមយ៉ាន បានណែនាំ និងពិចារណាលុបបំបាត់កុំឱ្យមានសកម្មភាពត្រីងៀតឆ្លៀតពង បើមានសកម្មភាពនេះ ប្រសិនបើរកឃើញការអនុវត្តទោសវិន័យ បណ្តេញចេញក្របខ័ណ្ឌ ឬមួយក៏រកឃើញថា មានកំហុសនឹងអនុវត្តតាមច្បាប់ គឺមានភាពស្មើគ្នាចំពោះមុខច្បាប់»

បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា ដោយឡែកក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺចង់បញ្ជាក់ថា ការអនុវត្តផែនការទាំងពីរនេះ មិនដើរបញ្ច្រាសគ្នាទេ តែវាគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងភាពចង្អៀតណែន នៅក្នុងពន្ធនាគារ និងសម្រួលដល់ការកកស្ទះសំណុំរឿង ហើយលើកគុណភាពការងាររបស់តុលាការ និងការងារស្ថាប័នអយ្យការ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រកាសគាំទ្រពេញ ចំពោះយុទ្ធនាការដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត ជាពិសេសលើសំណុំរឿងបទល្មើសគ្រឿងញៀន ក៏ប៉ុន្តែត្រូវអនុវត្តឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានក្រើនរំលឹកទៅដល់មន្រ្តីពាក់ព័ន្ធទាំងអស់ មិនត្រូវធ្វើជាខ្នងបង្អែក ជនល្មើសលើសំណុំរឿងគ្រឿងញៀនជាដាច់ខាត ប្រសិនបើក្រសួងយុត្តិធម៌ ស្រាវជ្រាវរកឃើញមានជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយណាមួយនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុវត្តទៅវិធានការច្បាប់ និងឈានទៅដកមុខដំណែង ឬក្របខណ្ឌភ្លាមៗ៕