(ពោធិ៍សាត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានអំពាវនាវដល់ប្រជាកសិករ ត្រូវផ្តោតការយកចិត្ត ទុកដាក់បង្កបង្កើនផល ទាំងដំណាំស្រូវ និងដំណាំបន្លែបង្ការគ្រប់ប្រភេទ ដោយគិតទៅលើគុណភាព និងប្រសិទ្ធិភាពផលិតផល ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងទីផ្សារ និងការនាំចេញទៅក្រៅប្រទេស។

លោក ម៉ៅ ធនិន បានអំពាវនាវបែបនេះនៅវត្តក្តីឈ្វិត (ហៅវត្តក្តីឧត្តម) ក្នុងឱកាសចុះចែកស្រូវពូជសែនក្រអូប ប្រមាណ៤.៥តោន របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជូនដល់ប្រជាកសិករចំនួន១៥០គ្រួសារ មកពី៨ភូមិ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង សម្រាប់បើកធ្វើស្រែដើមរដូវ។

លោក ម៉ៅ ធនិន បានឱ្យដឹងទៀតថា ផ្តើមចេញពីការគិតគូដោះស្រាយ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ដោយសារគ្រោះធម្មជាតិរាំងស្ងួត ធ្វើឱ្យដំណាំស្រូវបណ្តាឆ្នាំកន្លងមកទទួលរងការខូចខាតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមជួយដោះស្រាយពូជស្រូវ ជូនដល់បងប្អូនប្រជាកសិករណាដែលខ្វះខាតជាបន្ទាន់។

ជាក់ស្តែងថ្ងៃនេះប្រជាកសិករចំនួន១៥០គ្រួសារ មកពី៨ភូមិ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ពិតជាមានការខ្វះខាត និងបានទទួលយកស្រូវពូជសែនក្រអូប យកទៅសាប ព្រោះបើកធ្វើស្រែដើមរដូវ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៣០គីឡូក្រាម។ ការផ្តល់ជូនពូជស្រូវនាពេលនេះ គឺសំដៅធ្វើយ៉ាងណាឱ្យការងារបង្កបង្កើនផល ស្រូវ រដូវវស្សា ទូទាំងខេត្តឆ្នាំនេះ កាន់តែមានសន្ទុះជាងបណ្តាឆ្នាំកន្លងមក។

លោកបានថ្លែងបញ្ជាក់ថា ខេត្តពោធិ៍សាត់ពិតជាមានភ័ព្វសំណាងណាស់ ដែលទទួលបាននូវសមិទ្ធផលជាច្រើនពីសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា រួមមានទំនប់ស្ទាក់ទឹកទី៣ និងទី៥ នៅក្នុងស្រុកភ្នំក្រវាញ ប្រព័ន្ធស្រោចស្រពធំៗចំនួន២កន្លែង គឺប្រឡាយមេដំណាក់អំពិល និងប្រឡាយមេចារឹក ក្នុងភូមិសាស្ត្រ ប៉ែកខាងលើ រួមមានស្រុកភ្នំក្រវាញ ស្រុកតាលោសែនជ័យ ស្រុកបាកាន ក្រុងពោធិ៍សាត់ និងប៉ែកខាងក្រោម ក្នុងស្រុកកណ្តៀង។

នៅចំពោះមុខប្រជាពលរដ្ឋ លោកអភិបាលខេត្ត បានស្នើឱ្យមន្ទីរធនធានទឹក និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ដើម្បីជួយសម្រួលដោះស្រាយទឹក ចេញពីប្រឡាយមេជូនបងប្អូនប្រជាជនយើងប្រើប្រាស់ ឱ្យបានសមស្របទៅតាមរដូវកាល។ លោកក៏បានផ្ដាំផ្ញើដល់ប្រជាកសិករ ធ្វើការពិភាក្សាជាមួយរោងម៉ាស៊ីនកិនស្រូវ ឬភ្នាក់ងារកសិកម្ម ដែលចុះជាប់ជាប្រចាំត្រូវជ្រើសរើសពូជស្រូវណា ដែលជាតម្រូវការទីផ្សារ និងធានាតម្លៃនាំចេញ១០០%។

ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន បានបន្តជួបសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម ក៏ដូចជាក្តីកង្វល់ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានជាច្រើនករណី នៅវេទិកាសាលាខេត្តពោធិ៍សាត់ផងដែរ៕