(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ លោក ប៉ែន កុសល្យ បានលើកបង្ហាញនូវអ្វីដែលសមិទ្ធផលនានារបស់រដ្ឋបាលខេត្តមួយនេះ ដែលសម្រេចបាននាពេលកន្លងមក និងបង្ហាញនូវអ្វីដែលទិសដៅគ្រោងនឹងអនុវត្តបន្ដផងដែរ។

លោក ប៉ែន កុសល្យ បានអះអាងថា កន្លងទៅខេត្តបានលើកកម្ពស់វិស័យកសិកម្ម និងកសិឧស្សាហកម្ម ដោយគៀងគរក្រុមហ៊ុនវិនិយោគនានា មកវិនិយោគក្នុងខេត្តលើដំណាំកៅស៊ូ, ស្វាយ, ស្រូវ, ពោត, ម្រេច និងដំឡូងមីជាដើម ដែលរួមចំណែកជួយស្វែងរកការងារជូនប្រជាពលរដ្ឋ កាត់បន្ថយចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

អភិបាលខេត្តរូបនេះ បានបញ្ជាក់ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៩-២០២០នេះ កសិករអនុវត្តកងារភ្ជួររាស់ដី សរុបបានចំនួន ៩៥,៧៨៤ហិកតា ស្មើនឹង១០០.៨៣ភាគរយ នៃផែនការ ៩៥,០០០ហិកតា។ ចំពោះការងារប្រមូលផល អនុវត្តបាន៩៩,៧៨៤ហិកតា ទិន្នផលជាមធ្យម ២.៧៤តោន ក្នុងមួយហិកតា។

ដោយឡែក ដំណាំបន្លែរួមផ្សំ និងដំណាំកសិ-ឧស្សាហកម្ម រដូវវស្សាអនុវត្តសរុបបានចំនួន ៦២,៨៤៦ហិកតា ស្មើនឹង១០០ភាគរយ នៃផែនការ។ ចំពោះការងារប្រមូលផល អនុវត្តបាន ៦២,៨៤៦ហិកតា ស្មើនឹង១០០ភាគរយ។ បរិមាណស្បៀងនៅសល់លើសពីតម្រូវការក្នុងខេត្ត គិតជាស្រូវប្រមាណ ១៧២,២៦០តោន ឬគិតជាអង្ករប្រមាណ១១០,២៤៦តោន អាចនាំចេញទៅលក់នៅទីផ្សារខាងក្រៅខេត្តបាន។

បន្ថែមពីនេះ លោក ប៉ែន កុសល្យ បានឲ្យដឹងថា ខេត្តបានពង្រីកការតភ្ជាប់បណ្ដាញអគ្គិសនីឲ្យបានទូលំទូលាយគ្រប់ភូមិទូទាំងខេត្ត ក្នុងនោះក្រុងសំរោង ភ្ជាប់បណ្ដាញអគ្គិសនីពីប្រទេសថៃមកប្រើប្រាស់។ ដោយឡែក នៅស្រុក០៤ផ្សេងទៀត កំពុងប្រើប្រាស់បណ្ដាញអគ្គិសនី ដែលវិនិយោគដោយវិស័យឯកជន។

លោកបានបន្ដទៀតថា បច្ចុប្បន្នអគ្គិសនីកម្ពុជា បានតបណ្ដាញខ្សែចរន្ដសម្រាប់មកផ្គត់ផ្គង់នៅស្រុកបន្ទាយអំពិល ស្រុកចុងកាល និងមួយផ្នែក នៃក្រុងសំរោង ដោយបានដាក់ឲ្យដំណើរការក្នុងតំបន់ទាំងនោះជាបណ្ដើរៗ ហើយជាពិសេស រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម កំពុងដំណើរការសាងសង់នៅស្រុកត្រពាំងប្រាសាទ ដែលនឹងផ្គត់ផ្គង់ថាមពល បាន២៦៣គីឡូវ៉ាត។

លោកគូសបញ្ជាក់ទៀតថា ខេត្តបានរៀបចំកែលម្អសោភ័ណភាពក្នុងទីប្រជុំជនខេត្ត ក្រុង ស្រុក (កែសម្រល និងស្ថាបនាបន្ថែមសួនច្បារ ដាក់បង្គោលភ្លើងបំភ្លឺផ្លូវ តុបតែងលម្អពេលរាត្រី), ស្ដារប្រព័ន្ធលូ និងស្ដារបណ្ដាញស្ពានផ្លូវនានា ដោយប្រែក្លាយពីផ្លូវគ្រូសក្រហម ទៅជាផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូជាបន្ដបន្ទាប់។

ដោយឡែក សម្រាប់វិស័យសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈវិញ ត្រូវបានលោក ប៉ែន កុសល្យ បញ្ជាក់ថា ខេត្តពង្រឹងបានខឿនសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមយុទ្ធនាការដូចភ្លៀងរលឹម៕