(បន្ទាយមានជ័យ)៖ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០២នេះ បានបន្តនាំយកអំណោយ ទៅចែកជូនដល់បងប្អូនពលរដ្ឋក្រីក្រចាស់ជរា ចំនួន៥៥គ្រួសារ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពិធីចែកអំណោយជូនពលរដ្ឋ ចំនួន៥៥គ្រួសារនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកប្រធានក្រុមប្រឹក្សា ក្រុង លោក-លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុមយុវជន សសយក យុវជនកាយារិទ្ធ ធ្វើឡើងនៅបរិវេណវត្ត តាហី ស្ថិតនៅភូមិ II សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោក អ៊ុ រាត្រី បានដាស់តឿន និងក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩បន្តទៀត ព្រោះថា ជំងឺនេះ មិនទាន់មានលក្ខណៈ បានធូរស្រាលនៅឡើយទេ ថ្វីបើប្រទេសយើង មានអ្នកជាសះស្បើយអស់ក៏ពិតមែន តែជំងឺកូរ៉ូណា ឬកូវីដ-១៩នេះ នៅតែបន្តរាលត្បាត ពាសពេញសកលលោក។

លោកបន្តថា បងប្អូនចូលចង់ចាំថា បងប្អូនអាចបំផ្លាញជំងឺរាតត្បាលសកលកូវីដ-១៩បាន តែជំងឺនេះ មិនអាចភ្លេចបងប្អូនឡើយ បើប្រហែសតែបន្តិច វានឹងងាយឆ្លង គ្រប់ពេល។ ជាវិធានការការពារពីការចម្លងជំងឺនេះ សូមបងប្អូនបន្តស្តាប់តាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដោយអនុវត្តវិធានការ អនាម័យ លាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត អាល់កុល ឬជែល សម្លាប់មេរោគ។

ចំពោះ នាំយកអំណោយ ទៅចែកជូនពលរដ្ឋទាំង៥៥គ្រួសារនោះដែរ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ រួមនិងថវិកា១ម៉ឺនរៀល។ ក្នុងនោះ លោកអភិបាលខេត្ត ក៏បានប្រគេនអង្ករ១០០គីឡូក្រាម រួមនឹងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ សម្រាប់ចាត់ចែងតាមតម្រូវការ ក្នុងវត្តខាងលើ ផងដែរ៕