(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យបណ្ដឹងរបស់ប្រជាពលរដ្ឋនៅតំបន់មេទឹកកណ្តៀង ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចេញចំណាត់ការដើម្បីគ្រប់គ្រងតំបន់មេទឹកកណ្ដៀង ទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋស្រោចស្រពដំណាំ។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍សំខាន់ៗ ដោយបង្កើតគណៈកម្មការគ្រប់គ្រងទន្លេថ្នាក់ខេត្ត និងពន្លឿនការវាស់វែងដើម្បីឈានទៅដល់ការកំណត់ព្រំ ដោយមាននិយាមការច្បាស់លាស់ ក្នុងការចុះបញ្ជីមេទឹកកណ្តៀងជាផ្លូវការ ដើម្បីអភិរក្សតំបន់មេទឹកកណ្តៀងនេះ សម្រាប់បម្រើផលប្រយោជន៍ដល់សហគមន៍ ដោយគាំទ្រតាមចំណាត់ការរបស់តុលាការ។

នៅក្នុងកិច្ចប្រជុំនោះដែរ អភិបាលរងខេត្តកំពង់ចាម លោក កែវ នាឫទ្ធ បានធ្វើសេចក្ដីរាយការណ៍ថា ទំនាស់នេះផ្តើមចេញពីការលក់ដូរផ្ទៃដីមេទឹកកណ្តៀងតាំងពីឆ្នាំ២០០៧ រវាងប្រជាពលរដ្ឋអាស្រ័យផលមួយចំនួនតូច និងឈ្មួញដោយមានការបោះបង្គោលធំៗ ទន្ទ្រានចូលដល់បាតមេទឹក។ ការធ្វើឯកជនភាពដោយមានការលក់ទិញដី នៅក្នុងសហគមន៍មេទឹកនោះ មិនត្រឹមត្រូវស្របច្បាប់ទេ ហើយបានធ្វើឲ្យប្រជាពលរដ្ឋផ្សេងទៀតមួយចំនួនធំក្នុងភូមិ ដែលបាននិងកំពុងអាស្រ័យផល ជួបប្រទះបញ្ហាការខ្វះខាតទឹកដើម្បីស្រោចស្រពដំណាំរបស់ពួកគាត់។

លោកអភិបាលរងខេត្ត បានបន្តថា កន្លងមកមេទឹកកណ្តៀងជាប្រភពទឹកសម្រាប់ជាប្រយោជន៍សាធារណៈ លើការងារស្រោចស្រពដំណាំកសិកម្ម និងយកទឹកប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃជាដើម។ ម្យ៉ាងទៀតបញ្ហានោះមានភាពមិនសុខចិត្ត ទើបឈានដល់ការដាក់ពាក្យបណ្ដឹងទៅតុលាការ។

លោកបន្ថែមថា បច្ចុប្បន្នទំនាស់នេះបានស្ងប់ស្ងាត់ទៅវិញដោយសារសំណុំរឿងនៅក្នុងដៃតុលាការ ដោយកន្លងមករដ្ឋបាលខេត្តកំពង់ចាម ក៏បានចេញសេចក្តីណែនាំស្តីពីការបញ្ឈប់ការទិញលក់ និងឈូសឆាយដីតំបន់មេទឹកនៅទូទាំងខេត្តកំពង់ចាមនោះដែរ ជាពិសេសនៅតំបន់ស្រុកបាធាយនេះតែម្តង គឺត្រូវទប់ស្កាត់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ លើដីសាធារណៈរបស់រដ្ឋ។

សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបញ្ហាតំបន់មេទឹកកណ្ដៀងនេះ អភិបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំត្រួតពិនិត្យជាបន្ទាន់ ដើម្បីរកដំណោះស្រាយដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ៕