(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានរំលឹកនាយនគរបាល នាយនគរបាលរង នៅក្នុងនាយកដ្ឋាននគរបាលការពារទាំងអស់ ត្រូវធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងចូលរួមអនុវត្តន៍នូវសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល ស្ដីពីការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ។

ថ្លែងក្នុងពិធីប្រគល់ថយន្ត៣គ្រឿង និងថវិកា៤លានរៀល ដល់នាយកដ្ឋាននគរបាលការពារ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក យឹម លាង បានលើកឡើងថា នគរបាល នៃនាយកដ្ឋានការពារ គឺជានាយកដ្ឋានមួយ ដែលត្រូវបានឲ្យយាមការ និងការពារសន្តិសុខគ្រប់ពេលវេលាដល់ឥស្សរជន ស្ថានទូត និងនិវេសនដ្ឋាន នៃអង្គទូតនានាប្រចាំនៅកម្ពុជា ប្រកបដោយសុវត្ថិភាព។

ឧត្តមសេនីយ៍ឯក យឹម លាង បានជំរុញនគរបាលការពារទាំងអស់ បន្តខិតខំកិច្ចការពារសុវត្ថិភាព ដល់ឥស្សរជន ឲ្យបានល្អបន្ថែមទៀត ខណៈនាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនេះ ត្រូវបានអង្គទូត និងអង្គការនានាប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះភាពអត់ធ្មត់ខ្លាំង ក្នុងកិច្ចការពារទាំងយប់ទាំងថ្ងៃននោះ។

ឧត្តមសេនីយ៍ឯក យឹម លាង ថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមយើងជានគរបាលការពារសុវត្ថិភាព ដល់ឥស្សរ ជនជាតិ និងអន្តរជាតិ យើងត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀតក្នុងកិច្ចការនេះ ខណៈនាពេលកន្លងទៅត្រូវបានអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជា បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំរបស់ ពួកយើង ដែលបានប្រកបកិច្ចការពារបានល្អទាំងយប់ទាំងថ្ងៃ ដល់ស្ថានទូត និងនិវេសនដ្ឋានរបស់ពួកគេទាំងនោះ»

ឧត្តមសេនីយ៍ឯក យឹម លាង ក៏បានអំពាវនាវដល់នគរបាលការពារទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងធ្វើជាគំរូដ៏ល្អ ដល់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដោយទៅណាមមកណា ត្រូវពាក់មួកសុវត្ថិភាពម៉ូតូ ត្រូវមានកញ្ចក់ និងបើកបររថយន្តត្រូវពាក់ ខ្សែក្រវ៉ាត់ ខណៈដែលការអនុវត្តនូវច្បាប់ចរាចរណ៍ថ្មីនេះ នឹងមិនមានការលើកលែង បើទោះបីជាខ្លួនជានគរបាលក៏ដោយនោះ៕