(សៀមរាប)៖ តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ពីថ្ងៃទី៧-១២ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបានចុះពិនិត្យ និងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋ ដែលសាងសង់លំនៅដ្ឋានចំនួន ១៥០ គ្រួសារនៅក្នុងឧទ្យានអង្គរ។

លំនៅដ្ឋានទាំង ១៥០ គ្រួសារនោះមាននៅក្រុងសៀមរាបចំនួន ២៣ គ្រួសារ ស្រុកប្រាសាទបាគងចំនួន ៣២ គ្រួសារ ស្រុកបន្ទាយស្រីចំនួន ៥ គ្រួសារ ស្រុកពួកចំនួន ៥៤ គ្រួសារ និងស្រុកអង្គរធំបានចំនួន ៣៦ គ្រួសារ។

ក្នុងរយៈពេលមួយសប្តាហ៍ដើមខែឧសភានេះដែរ ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋាន ក៏បានទទួលពាក្យស្នើសុំសាងសង់ថ្មី និងជួសជុលតូចតាចចំនួន ៣០ ករណី ហើយក្រុមការងារជំនាញក៏កំពុងចុះពិនិត្យផ្ទៀងផ្ទាត់ពីលក្ខខណ្ឌផ្សេងៗទាក់ទងនឹងការកាន់កាប់ ការរស់នៅ និងស្ថានភាពទីតាំងស្នើសុំជាក់ស្តែង។

ក្នុងកិច្ចការចុះពិនិត្យនេះ នាយកដ្ឋានសម្រេចបាន ១៥ ករណី។ ចំពោះប្រជាពលរដ្ឋម្ចាស់សំណើដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មក៏បានជួយសម្រួល និងរៀបចំគំនូសប្លង់ជូនពួកគាត់បាន ៤ ករណីដែរ៕