(ភ្នំពេញ)៖ ក្រុមការងារចំពោះកិច្ច ដឹកនាំការអនុវត្តការងារ ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព និង បង្រ្កាបការក្លែងបន្លំ រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋាន ក.ប.ប. សហការ ជាមួយនាយកដ្ឋាន មន្ទីរពិសោធន៍ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បាននាំយករថយន្តពិសោធន៏ចល័ត ផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះទៅពិនិត្យទំនិញ ជាបន្លែ ផ្លែឈើ បោះដុំនៅផ្សារនាគមាស ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ទីតាំងបោះដុំផ្សេងទៀតស្ថិតនៅខាងក្រោយវិទ្យាល័យទួលស្វាយព្រៃ និងតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្មក្នុងបន្លែ និងផ្លែឈើ ។

សូមបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះធ្វើឡើង ដោយមានយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងការចង្អុលបង្ហាញ ដោយផ្ទាល់ពី លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក ខណ្ឌបឹងកេងកង គណៈកម្មការផ្សារនាគមាស និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដើម្បីធានាបាននូវទំនិញជាបន្លែ និងផ្លែឈើទាំងនោះ មានភាពអនុលោមផ្នែកម្ហូបអាហារ ដែលមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលបង្កជាគ្រោះដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។

ក្នុងប្រតិបត្តិការនេះ ទំនិញជាបន្លែ និងផ្លែ ចំនួន ៧៧គំរូ ដែលមានប្រភពផ្សេងៗគ្នា ដូចជាផលិតក្នុងស្រុក ផលិតផលនាំចូលពីប្រទេសចិន វៀតណាម ។ ល។ ត្រូវបានមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការត្រួតពិនិត្យ និងយកគំរូមកវិភាគភ្លាមៗ នៅក្នុងរថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ។ ជាលទ្ធផល គឺផលិតផលទាំង៧៧គំរូនេះ សុទ្ធតែមានភាពអនុលោមផ្នែកម្ហូបអាហារ។

ទន្ទឹមនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយដ្ឋាន ក.ប.ប. ក៏បានណែនាំដល់អាជីវករ ទិញ លក់ ទំនិញជាបន្ថែ និងផ្លែឈើទាំងអស់ ត្រូវមានវិក្កយបត្រទិញ លក់ និងត្រូវដឹងពីប្រភពនាំចូលច្បាស់លាស់ ដើម្បីពេលមានបញ្ហាកើតឡើង បង្កលក្ខណៈងាយស្រួល ដល់មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. កំណត់អត្តសញ្ញាណប្រភពនាំចូល និងស្វែងរកអ្នកទទួលខុសត្រូវ ដើម្បីចាត់វិធានការ តាមនីតិវិធីច្បាប់ជាធរមាន ៕