(ស្ទឹងត្រែង)៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយបែងចែកតួនាទីថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធត្រូវរៀបចំសណ្តាប់ធ្នាប់ សោភ័ណ្ឌភាពទីក្រុង និងទីប្រជុំជនឱ្យល្អប្រសើរ ជាពិសេសនៅក្នុងក្រុងស្ទឹងត្រែងកុំឱ្យមានលក់ទំនិញនានាលើផ្លូវសាធារណៈ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងការផ្សព្វផ្សាយពីតួនាទីភារកិច្ចក្នុងជួរគណៈអភិបាលខេត្ត ដើម្បីដឹកនាំគ្រប់គ្រង កិច្ចការរដ្ឋបាលដែនដី ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌នៅក្នុងក្របខ័ណ្ឌនៃភូមិសាស្រ្តខេត្ត ស្របទៅតាមគោលនយោបាយរាជរដ្ឋាភិបាល។

លោក ម៉ុម សារឿន បានបន្ថែមថា ចំពោះភោជនីយដ្ឋាន មន្រ្តីពាក់ព័ន្ធត្រូវចុះពិនិត្យ បើភោជនីយដ្ឋានណាមិនមានអនាម័យ ត្រូវធ្វើការណែនាំ បើមួយលើកជា២លើក ហើយនៅតែមិនស្តាប់ គឺត្រូវបិទភោជនីយដ្ឋាននោះតែម្តង ដើម្បីចៀសវាងកុំឱ្យមានបញ្ហាឆ្លងជំងឺនានា ដែលត្រូវគិតគូពីសុខភាពប្រជាពលរដ្ឋជាចម្បង។

ឆ្លៀតក្នុងឱកាសនោះលោក ម៉ុម សារឿន ក៏បានផ្សព្វផ្សាយដល់សមត្ថកិច្ចជំនាញ ពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋកុំឱ្យឆ្លងដែន ដោយខុសច្បាប់ចូលទៅប្រទេស ជិតខាងតាមច្រករបៀងនានា ខណៈពេលប្រទេសជិតខាងទាំងនោះកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្កាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩៕