(ភ្នំពេញ)៖ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់អង្គការផ្ទះបាយកុមារ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមការលើកឡើងរបស់លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ អង្គការនេះបាននិងកំពុងទទួលកុមារចាប់ពី ៣០០-៣៥០ នាក់ក្នុងមួយថ្ងៃៗមកទទួលយកអាហារមួយចម្អែតសម្រាកលេង (មិនស្នាក់នៅជាអចិន្ត្រៃយ៍) អាន សរសេរ កាត់សក់ កាត់ក្រចក និងងូតទឹកសម្អាតខ្លួន។

បច្ចុប្បន្នដោយសារវិបត្តិជំងឺកូវីដ ១៩ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតក្នុងសហគមន៍ អង្គការផ្ទះបាយកុមារបានផ្អាកដំណើរការចម្អិនអាហារជូនកុមារដូចសព្វដង ប៉ុន្តែបានចែកជាគ្រឿងឧបភោគបរិភោគជូនដល់កុមារៗដែលមកដល់អង្គការ និងនៅតាមកន្លែងស្នាក់នៅជំនួសវិញ។ លើសពីនេះ អង្គការក៏មានបេសកកម្មជួយជំរុញ និងលើកទឹកចិត្តឱ្យកុមារចូលរៀននៅសាលារដ្ឋផងដែរ។

លោក គុណ ញឹម និងសហការីបានយកអំណោយឧបត្ថម្ភដល់អង្គការផ្ទះបាយកុមារសម្រាប់ចែកជូនដល់កុមារចំនួន ៦០ នាក់ និងសម្រាប់ទុកចែកជូនកុមារប្រមាណ ៣០០ នាក់ទៀតនាថ្ងៃបន្តបន្ទាប់ ព្រមទាំងជូននាយកគ្រប់គ្រង បុគ្គលិកបម្រើការ និងយុវជនស្ម័គ្រចិត្តនៅផ្ទះបាយកុមារចំនួន ២៧ រូបជាគ្រឿងឧបភោគបរិភោគ សម្ភារសម្អាត និងថែរក្សាអនាម័យ រួមមាន៖ អង្ករ ២០បាវ មី ១០កេសធំ ស្ករស ២បាវ ទឹកស៊ីអ៉ីវ ១០យួរ ទឹកត្រី ១០យួរ ប្រេងឆា ១០ដប (៥លីត្រ) ស្ករស ២បាវ (៥០ គីឡូក្រាម) ភេសជ្ជៈ ១០កេស សាប៊ូម្សៅ ៥កេស សាប៊ូដុំលាងដៃ ២កេស ភេសជ្ជៈ ១០កេស អាល់កុល ២កាន (ស្មើនឹង ៦០លីត្រ) ម៉ាស់ ៥០០បន្ទះ ប្រដាប់វាស់សីតុណ្ហភាព ១គ្រឿង ប្រេងកូឡា ៣៦ដប ព្រមទាំងថវិកាមួយចំនួនផងដែរ។

នាឱកាសនេះ លោក គុណ ញឹម បានគូសបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់ថមថយនៅឡើយក្នុងប្រទេសជាច្រើនទាំងក្នុងតំបន់និងពិភពលោកទាំងមូល បើទោះបីរលកទី១នៃការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជាត្រូវបានបញ្ចប់តាមរយៈការព្យាបាលឱ្យជាសះស្បើយទាំងស្រុងនៃអ្នកជំងឺកូវីដ-១៩ ទាំង១២២នាក់ កន្លងមកថ្មីៗក្តី ក៏ជំងឺនេះនៅតែជាការគម្រាមនិងអាចបង្កជាហានិភ័យដល់ប្រទេសកម្ពុជាដដែល ប្រសិនបើពលរដ្ឋកម្ពុជា ក៏ដូចជាកុមារដ៏កម្សត់ដែលកំពុងមានវត្តមាននៅទីនេះ មានការធ្វេសប្រហែស មិនយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ និងការណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដូចជា ការលាងដៃឱ្យបានញឹកញាប់ ការរក្សាអនាម័យផ្ទាល់ខ្លួននៅពេលក្អកឬកណ្តាស់ ការរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ការពាក់ម៉ាស់ក្នុងករណីចាំបាច់ ចៀសវាងទីកន្លែងជួបជុំដែលមានមនុស្សច្រើនកុះករជាដើម។

សូមបញ្ជាក់ជម្រាបថា អង្គការផ្ទះបាយកុមារគឺជាគោលដៅទី៤ នៃការផ្តល់ជំនួយឧបត្ថម្ភរបស់មូលនិធិសប្បុរសធម៌ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់ជនទ័លក្រ កុមារកំព្រា ជនងាយរងគ្រោះ និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធតូចតាចដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩៕