(បាត់ដំបង)៖ ក្រុមចោរប្រដាប់អាវុធ៣នាក់ បានធ្វើសកម្មភាព ចាប់ម្ចាស់ផ្ទះចង ប្លន់យកលុយអស់៣មឺុនបាត នៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចទួលព្រះស្រែ ភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង រួចហើយគេចខ្លួនដោយសុវត្ថិភាព ខណ:កម្លាំង សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួន មិនទាន់បាននៅឡើយ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះ បានចូលទៅចាប់ចងម្ចាស់ផ្ទះ ភ្ជង់យកលុយអស់៣មឺុនបាត បន្ទាប់ពីជនរងគ្រោះ ទើបនឹងលក់ស្រូវបានលុយ១០មុឺនបាត កាលប៉ុន្មានថ្ងៃនេះកន្លងមក។

ក្រុមចោរមានគ្នាចំនួន៣នាក់ ប្រដាប់ដោយកាំភ្លើងវែងមួយដើម និងកាំភ្លើងខ្លីមួយដើម បានចូលទៅចាប់ចងបុរសជាប្តី នឹងខ្សែអង្រឹង ហើយប្រមូលលុយកាក់គ្មានសល់ ប៉ុន្តែក្រុមចោរទាំងនេះ មិនបានវាយធ្វើបាបជនរងគ្រោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវជាប្តីមានឈ្មោះ អោម ពោត អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ តឹក សាវង្ស អាយុ៣២ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុ មានមុខរបរធ្វើស្រែ។

ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនប៉ុន្មានថ្ងៃនេះ ក្រុមគ្រួសាររបស់គាត់ បានលក់ស្រូវ ទៅឲ្យគេបានលុយ ចំនួន១០មុឺនបាត ហើយខ្លួនបានយកលុយ ទៅសងថ្លៃជំពាក់គេអស់មួយចំនួនហើយ ដោយនៅសល់មួយចំនួនទៀតគិតថា នឹងជួសជុលធ្វើផ្ទះឲ្យហើយ ព្រោះបច្ចុប្បន្នផ្ទះរបស់លោក ទើបមានតែដំបូលប៉ុណ្ណោះ ដោយឡែកជញ្ជាំង គឺពុំទាន់មាននៅឡើយ។

ជនរងគ្រោះបានបន្តថា នៅយប់ថ្ងៃកើតហេតុ ខណៈដែលពួកគាត់ កំពុងតែសម្រាកយ៉ាងលង់លក់ ទៅហើយនោះ ក៏ស្រាប់តែមានក្រុមចោរចំនួន៣នាក់ បានឡើងមកភ្ជង់ ដោយពួកវាមានកាំភ្លើងពីរដើម វែងមួយ ខ្លីមួយ ហើយបានយកខ្សែអង្រឹងមកចងដៃ ជើង លោកជាប់ ហើយបានគំរាមឲ្យប្រពន្ធរបស់ខ្លួន ប្រមូលលុយដែលលក់ស្រូវបាន ទៅឲ្យពួកវា បើមិនដូច្នោះទេ វានឹងសម្លាប់ចោល។

ដោយសារតែការភ័យខ្លាច ភរិយារបស់លោក បានប្រមូលលុយ ដែលដាក់នៅក្នុងកាបូប ប្រគល់ទៅឲ្យចោរទាំងអស់ ទើបពួកវាព្រមចាកចេញទៅវិញ យ៉ាងស្ងៀមស្ងាត់។ ក្រុមចោរដែលមានគ្នា៣នាក់នេះគឺស្លៀកពាក់សុីវិល ហើយមិនមានពាក់ម៉ាស់នោះទេ គ្រាន់តែពួកវាមានពាក់កែវពិលបញ្ចាំង នៅលើក្បាលទាំងអស់ រីឯរបស់របរដែលពួកវាយកទៅ រួមមានប្រាក់ថៃអស់ចំនួន ៣០.០០០ បាត ប្រាក់រៀលចំនួនមួយមុឺនរៀល ទូរស័ព្ទដៃទំនើបមួយគ្រឿង កាបូបស្ពាយដាក់លុយមួយ កូនសោរម៉ូតូមួយ និងកាំភ្លើងខ្យល់១ដើម។

បន្ទាប់ពីក្រុមចោរ បានធ្វើសកម្មភាពរួចបានរត់គេចខ្លួន បាត់ដោយសុវត្ថិភាព ទៅហើយនោះ បច្ចុប្បន្នសមត្ថកិច្ច ដើម្បីស្រាវជ្រាវរក មុខសញ្ញាប្លន់ប្រដាប់អាវុធទាំងនេះ មិនទាន់ចាប់នៅឡើយ៕

Advertising