(ត្បូងឃ្មុំ)៖ លោក ខ្វៃ អាទិត្យា អគ្គនាយកស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ បានចុះផ្សព្វផ្សាយការអប់រំការពារប្រឆាំងជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋឃុំព្រះធាតុ និងចែកសម្ភារៈមួយចំនួន។

ក្នុងឱកាសជួបសំណេះសំណាល លោក ខ្វៃ អាទិត្យា បានថ្លែងនូវការពាំនាំផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជូនដល់ប្រជាពលរដ្ឋទាំង ដោយក្តីនឹករលឹកដែលជានិច្ចកាលថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលមានសម្ដេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបានបន្ថែមថា អំណោយសប្បុរសធម៌នាថ្ងៃនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ តាមទិសស្លោក «ចូលរួមសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

លោក ខ្វៃ អាទិត្យា បញ្ជាក់ថា បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គឺនៅព្រឹកនេះកម្ពុជាបានជាដាច់អស់ចំពោះអ្នកជំងឺកូវីដ១៩ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សូមឲ្យប្រជាពលរដ្ឋគ្រប់ថ្នាក់មូលដ្ឋានអនុវត្តវិធានអនាម័យជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺ COVID-19 ព្រោះថាកសលលោកកំពុងតែរាតត្បាតនៅឡើយ។ ម៉្យាងវិញទៀត សូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មីកូវីដ ១៩ ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។

ជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋត្រូវតែបន្តថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ៖

* ចូលរួមថែរក្សាអនាម័យ តាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុល។
* ត្រូវពាក់ម៉ាស់នៅពេលទៅណាមកណា ដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ១៩ ដែលកំពុងកើតមានឡើងឧនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ។
* បើមានដែលទើបចំណាកស្រុកត្រូវរាយការជូនអាជ្ញាធរដែនដីឲ្យបានដឹង ចំពោះពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស ដែលត្រូវរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ។
* ប្រសិនបើមានអាការ ដូចជា ក្តៅខ្លួន ហត់ពិបាកដកដង្ហើម ក្អក ឈឺក្បាល សូមប្រញាប់ទៅជួបគ្រូពេទ្យដែលនៅជិតបំផុតដើម្បីធ្វើការពិនិត្យបន្ទាន់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចូលរួមទាំង ២០ គ្រួសារមកពីភូមិចំនួន ៥គឺភូមិថ្មីលើ ភូមិថ្មីកណ្តាល ភូមិជ័យសោភណ្ឌ ភូមិទួលមានជ័យ និងភូមិទួលសំបូរ ដែលមានជីវភាពខ្វះខាត ក្នុងមួយគ្រួសារទទួលបានមី ១កេស ទឹកសុទ្ធ ១កេះធំ ទឹកលាងដៃ ១ដប ថវិកាមួយចំនួន ក្នុងនោះលោកអគ្គនាយកក៏បានឧបត្ថម្ភថាស់ DTV ២គ្រឿង និងជែលលាងដៃ ៤កេស ដល់សាលាស្រុកអូររាំងឪ និងគណពង្រឹងឃុំព្រះធាតុ ដែលអំណោយទាំងអស់នេះជារបស់សប្បុរសជន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ៕