(កណ្ដាល)៖ អ្នកភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល បានរាយការណ៍ឲ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា ពួកគេបានឃើញឈ្មួញមានលុយម្នាក់ដែលរកស៊ីខាងកាយដី លក់អាចម៍ដីឈ្មោះមហារដ្ឋាត្រេឌីង បានធ្វើសកម្មភាពចាក់ដីរំលោភយកប្រឡាយសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ខណៈដែលពលរដ្ឋស្នើសុំអាជ្ញាធរពាក់ព័ន្ធធ្វើការទប់ស្កាត់ផង បើពុំដូច្នោះទេ ប្រឡាយសាធារណៈនេះ នឹងត្រូវបាត់បង់ធ្លាក់ចូលក្នុងដៃឈ្មួញមិនខានឡើយ។

ប្រជាពលរដ្ឋបានរាយការណ៍ថា ពួកគេបានចាក់លុបប្រឡាយនេះ បានជាច្រើនម៉ែត្រហើយ បើសិនជាមិនទប់ស្កាត់ទេ ប្រឡាយសាធារណៈនេះ នឹងក្លាយទៅជារបស់ឯកជនយ៉ាង អនាធិបតេយ្យមិនខានឡើយ។

ជុំវិញករណីនេះលោក សុន សំបូរ បានប្រាប់ភ្នាក់ងារ Fresh News ថា លោកនឹងកោះហៅលោកមហារដ្ឋា និងភាគីប្រជាពលរដ្ឋមកដោះស្រាយបញ្ហានេះនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។ លោកថា ដីនេះគេទិញពីប្រជាពលរដ្ឋហើយដីមានប្លង់ត្រឹមត្រូវ។

រីឯលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ក៏បានបញ្ជាក់ដែរថា ខាងអាជ្ញាធរបានហាមឃាត់សកម្មភាពចាក់ដីលុបប្រឡាយនេះហើយ ព្រមទាំងហៅភាគីខាងលោកមហារដ្ឋានោះ ចូលខ្លួនដោះស្រាយបញ្ហានៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។

ចំពោះករណីដែរលោក ហ៊េល ម៉ូដេត ប្រធានការិយាល័យសូរិយោដីស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ចំពោះទីតាំងដីនេះ លោកពុំទាន់ដឹងច្បាស់ថា មានប្លង់ឬអត់នោះទេ តែលោកជំរុញឱ្យទៅ សួរមន្រ្តីធនធានទឹក ទើបដឹងរឿងច្បាស់។ រីឯប្រធានការិយាល័យធនធានទឹកស្រុកខ្សាច់កណ្ដាល លោក ហៃ គឹមសួរ ក៏បានប្រាប់ថា លោកក៏អត់ដឹងថា មានប្លង់ឬអត់នោះដែរ ហើយរុញឱ្យសួរខាង ភូមិបាលស្រុក ព្រោះខាងគាត់ទើបជាអ្នកចេញប្លង់។

ជុំវិញការរំលោភយកប្រឡាយសាធារណៈនេះ លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកខេត្តកណ្ដាលបានឱ្យដឹងថា លោកមិនគាំទ្រទេ អ្នកណាមករំលោភយកប្រឡាយសាធារណៈបែបនេះ ប៉ុន្តែបើសិនជាខាងណាជួយស្ដារប្រឡាយដើម្បីប្រយោជន៍ប្រជាជនទើបលោកគាំទ្រ។ ករណីឈ្មួញកាយដីឈ្មោះមហារដ្ឋាត្រេឌីងចាក់លុបប្រឡាយទឹកនេះដែរ Fresh News ពុំអាចស្នើព័ត៌មានបំភ្លឺ ណាមួយពីលោកមហារដ្ឋាបានទេ ដោយសារលោកមិនលើកទូរស័ព្ទ។

អំពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋអ្នកអាស្រ័យផលបានស្នើដល់អភិបាលខេត្ត មេត្តាជួយរក្សាទុកប្រឡាយទឹកនេះផង ដើម្បីបានពួកគាត់ប្រើប្រាស់សំរាប់ដំណាំ ចំការ និងប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែបើសិន ណាគេ ពិតជាលុបប្រឡាយមែន ហាក់បីដូចកាត់ផ្ដាច់សង្ខារបស់ពួកគាត់ដូច្នោះដែរ ព្រោះមនុស្សរស់នៅត្រូវការទឹក បើគេកាត់ផ្ដាច់ផ្លូវទឹកដូចកាត់ផ្ដាច់ដង្ហើមរបស់ពលរដ្ឋដូច្នោះដែរ។

គួរជម្រាបថា ចាប់តាំងពីមានការអភិវឌ្ឍន៍នៅចំណុចខាងស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាលមក គេឧស្សាហ៍ឃើញក្រុមឈ្មួយទុច្ចរិត ដណ្ដើមគ្នារឿងយកដីបឹងសាធារណៈទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ហើយបញ្ហាទឹកភ្នែកទឹកសំបោររបស់ប្រជាពលរដ្ឋក៏កើតឡើងជាហូរហែរផងដែរ ពិសេសពេលលឺដំណឹងថា គេនឹងកាត់តំបន់នេះចូលដីរាជធានីភ្នំពេញទៀតនោះ បញ្ហាដណ្ដើមគ្នា រំលោភយកដីរដ្ឋ ក៏កើតមានឥតលួសផងដែរ ខណៈប្រជាពលរដ្ឋមានតែស្នើដល់ថ្នាក់លើកំពូលជួយពិនិត្យបញ្ហានេះផង៕