(កំពង់ចាម)៖ លោក ងួន វិទូ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម អមដំណើរដោយ លោក ប៊ិន ជីវន្ដមុនីរះ ប្រធានយុវជនឃុំ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ តំណាងលោក ឌួង ឧត្តម អនុប្រធានក្រុមការងារចុះជួយស្រុក និងជាប្រធានក្រុមការងារឃុំ បានអញ្ជើញចុះពិនិត្យការសាងសង់ អគារសិក្សាមួយខ្នង មាន៦បន្ទប់ នៅបឋមសិក្សាបុសខ្នុរ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការគណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះជួយស្រុកចំការលើ។

ក្នុងពិធីនេះ ក៏មានការចូលរួមពី ប្រធានអចិន្ដ្រៃយ៍គណបក្សប្រជាជនឃុំ , មេឃុំ, ក្រុមប្រឹក្សា, ជំទប់, ស្មៀន, នាយកសាលា និងសមាជិក សមាជិកាជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ងួន វិទូ បានក្រើនរំលឹកដល់ក្រុមជាងដែលកំពុងសាងសង់អគារសិក្សានេះ ត្រូវផ្ដោតការយកចិត្តទុកដាក់ក្នុងការសាងសង់ ដោយត្រូវគិតលើគុណភាពជាចម្បង និងត្រូវធ្វើអ្វីទៅតាមបទដ្ឋានដែលបានកំណត់ ពោលធ្វើយ៉ាងណាឲ្យអគារសិក្សានេះមានគុណភាព ដើម្បីបម្រើដល់ការសិក្សាបានយូរអង្វែង។

ជាមួយគ្នានេះ លោក ងួន វិទូ ក៏កោតសរសើរក្រុមជាងដែលសាងសង់អគារសិក្សាមួយនេះ ដែលរក្សាអនាម័យ ដោយមានពាក់ម៉ាស់ការពារត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ងួន វិទូ និងក្រុមការងារ ក៏បានបន្ដចុះសួរសុខទុក្ខ និងចែកអំណោយជូនសមាជិកក្រុមប្រឹក្សាដែលមានជំងឺ និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាក និងមានជំងឺប្រចាំកាយ ចំនួន៤គ្រួសារផងដែរ។

អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំបុសខ្នុររូបនេះ ក៏បានផ្ដាំផ្ញើនូវការសាកសួរទុក្ខពី លោក ហ៊ុន ម៉ានិត និងលោក ឌួង ឧត្តម ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនសមាជិកក្រុមប្រឹក្សា និងប្រជាពលរដ្ឋក្រីក្រផងដែរ។ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនដែលមើលរំលងទុក្ខលំបាករបស់សមាជិកខ្លួន ឬប្រជាពលរដ្ឋណាម្នាក់នោះទេ។

លោក ងួន វិទូ បានជម្រាបឲ្យសមាជិកក្រុមប្រឹក្សា និងប្រជាពលរដ្ឋត្រូវខិតខំថែរក្សាសុខភាព ដើម្បីឆាប់បានជាសះស្បើយ និងបន្ដប្រកបមុខរបររបស់ខ្លួនប្រចាំថ្ងៃ។ លើសពីនេះ លោកបានផ្ដាំផ្ញើឲ្យពលរដ្ឋត្រូវរក្សាអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសឆ្ងាយពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩៕