(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានផ្ដាំផ្ញើអាជ្ញាធរ សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នចំពោះជំងឺ COVID-19 ទោះបីជាស្ថានភាពនៅកម្ពុជា បានធូរស្បើយច្រើនហើយមិនមានអ្នកឆ្លងថ្មីក៏ពិតមែន និងមានអ្នកជាអស់ហើយក្តី ក៏មិនត្រូវភ្លេចខ្លួនឡើយ ដោយបន្តប្រយុទ្ធប្រឆាំងចំពោះជំងឺរាតត្បាតនោះបន្ថែមទៀត។

លោកស្រី ម៉ែន សំអន ថ្លែងបែបនេះ ខណៈនាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៦៩គ្រួសារ រស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកស្រី បានផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុក្ខដាក់ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយឡើយ។

លោកស្រី ម៉ែន សំអន ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋ ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារគ្រប់ៗក្រុមគ្រួសារ ពិសេសអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ៖

*ទី១៖ ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានតិច ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមាន អ្នកជាសះស្បើយមានចំនួន ១២២នាក់ និងពុំមានអ្នកស្លាប់នោះទេ។

*ទី២៖ យើងទាំងអស់គ្នាត្រូវជំរុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋានជាពិសេស ត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើជំងឺកូវីដ១៩នេះនៅតែអូសបន្លាយ។

*ទី៣៖ ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុ។

ក្នុងសកម្មភាពចុះអំណោយផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៦៩គ្រួសារ រស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំអំណោយសប្បុរសធម៌របស់ សាខាកាទបាទក្រហម ខេត្តស្វាយរៀងដល់ប្រជាពលរដ្ឋរួមមាន៖ អង្ករ មី ត្រីខកំប៉ុង និងថវិកាចំនួនទៀតផងដែរ៕