(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីនឹងប្រយុទ្ធជំងឺកូវីដ១៩ បានជំរុញដល់នាយទាហាន ពលទាហានទាំងអស់ ត្រូវបន្តថែទាំងសុខភាព អនាម័យ ចូលរួមថែទាំសុខភាព និងរួមគ្នាការពារទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ជាលើកទី២។

ការជំរុញបែបនេះរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញផ្សព្វផ្សាយស្តីអំពីការទប់ស្កាត់ បង្ការជំងឺកូវីដ-១៩ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារកងទ័ព ចំណុះឱ្យបញ្ជាការដ្ឋានយោធភូមិភាគពិសេស នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា ដោយសាររាជរដ្ឋាភិបាលបានដាក់ចេញនូវចំណាត់ការ និងវិធានប្រកបដោយប្រសិទ្ធភាពខ្ពស់ ទើបបានធ្វើឱ្យប្រទេសយើង មកដល់ពេលនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នេះទេ ជាពិសេសការណែនាំរបស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋ កងទ័ព ក៏ដូចជាគ្រួសារកងទ័ព អំពីការធ្វើអនាម័យរួមមាន ការលាងដៃនឹងសាប៊ូ ការពាក់ម៉ាស់ ការផ្អាកការប្រផ្តុំ ឬជួបជុំគ្នាមានមនុស្សច្រើន បានធ្វើឱ្យយើងទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩ ជំហានទី១ ទទួលបានលទ្ធផលល្អ ពុំមានកងទ័ពណាម្នាក់ឆ្លងជំងឺកូវីដ១៩ នេះឡើយ។

ទាក់ទងទៅនឹងវិធានការការពារបានល្អរបស់កងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា កត្តានេះ ដោយសារបណ្តាកងឯកភាព ខ.ភ.ម បានអនុវត្តបានត្រឹមត្រូវស្របទៅតាមសេចក្តីណែនាំ បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានដាក់ចុះដោយបានអនុវត្តនូវការធ្វើអនាម័យ រស់នៅស្អាត ហូបអាហារមានអនាម័យ ពាក់ម៉ាស និងលាងដៃជាមួយសាប៊ូ ឬអាកុលជាប្រចាំ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបន្តទៀតថា ថ្វីត្បិតតែជំងឺកូវីដ-១៩ យើងបានទប់ស្កាត់ទទួលបានជោគជ័យក្នុងដំណាក់កាលទី ១នេះ ក៏ពិតមែន ប៉ុន្តែនាយទាហាន នាយទាហានរង និងពលទាហាន ក៏ដូចជាគ្រួសារកងទ័ព ត្រូវមានការប្រុងប្រយ័ត្នជាប្រចាំដោយយើង បន្តការរស់នៅ មានមានអនាម័យរក្សាគម្លាតពីគ្នា ត្រូវលាងដៃឱ្យបានញឹកញាប់ ធ្វើអនាម័យសម្អាតខ្លួនប្រាណជាប្រចាំស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ ដើម្បីសុខភាពផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារ។

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានជំរុញលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងយោធភូមិភាគពិសេស ត្រូវបន្តយកចិត្តទុកដាក់លើការងារបង្កបង្កើនផល ចិញ្ចឹមសត្វគ្រប់ប្រភេទ ដើម្បីលើកស្ទួយជីវភាពរស់នៅ របស់ខ្លួនឱ្យបានល្អប្រសើរ។

ក្នុងរបាយការណ៍ស្វាគមន៍ដែលអានដោយឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស បានបញ្ជាក់ពីការវិវត្តរីកចម្រើ និងសមិទ្ធផលនានាដែលយោធភូមិភាគពិសេសសម្រេចបានលើការងារកសាងអង្គភាពកន្លែងធ្វើការ ជំរុំជំរកស្នាក់នៅ របស់កងទ័ព ការងារហ្វឹកហ្វឺនរៀនសូត្រជំនាញ និងការអនុវត្តផែនការប្រឡងប្រណាំងបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅ របស់កងទ័ពអោបានប្រសើរ។ ស្របពេលដែលបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដែលបានឆ្លងជំងឺកូវីដ១៩ យោធភូមិភាគពិសេសបានត្រៀមកម្លាំង ព្រមទាំងមធ្យោបាយសម្ភារបរិក្ខាពេទ្យ និងឱសថព្យាបាល និងអគារសម្រាប់ចត្តាឡីស័ក្ត របស់យោធភូមិភាគ១ខ្នង និងតំបន់ប្រតិបត្តិការសឹរងទាំងពីរ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។

ក្នុងឱកាសជួបសំណេះសំណាលនេះដែរ នាយឧត្តមសេនីយ៍ ក៏បាននាំយកនូវអំណោយ របស់ក្រសួងការពារជាតិ មានដូចជា៖ ម៉ាស N95 ចំនួន ៦០០ម៉ាស, ធម្មតា ៧,៣០០, ស្រោមដៃ ២៦០គូ, មួក ២៦០, អាវការពារ ២៦០, អាលកុល ៩០ដប, វែនតា ២០, ឧបករណ៍ស្ទង់កំដៅ ៥គ្រឿង, ធុង៥ ព្រមទាំងថវិកា ៥លានរៀល និងបានផ្តល់ជូនគ្រួសារកងទ័ព១០ គ្រួសារ មានអង្ករ១បាវ ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកសុទ្ធ១កេស, ម៉ាស់៣០, ជែល៤ដប និងសាប៊ូ ៤ដុំផងដែរ៕