(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍នេះ ក្រុមនិស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP ចំនួន ៤៥ រូបបានបញ្ចប់ថ្នាក់បរិញ្ញាបត្រកម្មវិធីសិក្សាយកសញ្ញាបត្រទ្វេ (dual degree) ពីសាកលវិទ្យាល័យអារីហ្សូណានៅសហរដ្ឋអាមេរិកប្រកបដោយភាពជោគជ័យ។

សាកលវិទ្យាល័យអារីហ្សូណា ដែលជាសាកលវិទ្យាល័យដៃគូរបស់ AUPP និងជាសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយនៅសហរដ្ឋអាមេរិក បានរៀបចំនិងប្រារព្វពិធីបញ្ចប់ការសិក្សារបស់និស្សិតរបស់ខ្លួនទាំងក្នុងនិងក្រៅប្រទេសតាមរយៈ VIRTUAL GRADUATION។ នេះជាលទ្ធផលថ្មី ជាជំហានថ្មីរបស់និស្សិត AUPP ដែលនឹងជួយជំរុញពួកគេឱ្យកំណត់គោលដៅជីវិតកាន់តែច្បាស់ដើម្បីទទួលបានជោគជ័យ ។

និស្សិត AUPP ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច និងផ្នែកច្បាប់ មានមោទនភាពខ្លាំងណាស់ដែលមានវត្តមាននៅក្នុងកម្មវិធីបញ្ចប់ការសិក្សា ដែលពោរពេញទៅដោយនិស្សិតអន្តរជាតិ ចម្រុះជាតិសាសន៍ទូទាំងពិភពលោក។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអារីហ្សូណា លោក ROBERT C. ROBBINS បានបញ្ជាក់ក្នុងសារអេឡិចត្រូនិចថា៖ «ការបញ្ចប់នៃឆ្នាំសិក្សានេះ គឺជាព្រឹត្តិការណ៍ដែលត្រូវបានទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់និស្សិតបញ្ចប់ការសិក្សារាប់ពាន់នាក់របស់យើង ដែលបានចំណាយពេលវេលាជាច្រើនឆ្នាំកន្លងមកក្នុងការយកចិត្តទុកដាក់រៀនសូត្រ ការបង្កើតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅ និងវគ្គ បណ្តុះបណ្តាលសម្រាប់អាជីព និងសម្រាប់ភាពជោគជ័យក្នុងការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ»

លោកបានបន្ថែមទៀតថា៖ «ការអបអរសាទរប្រចាំឆ្នាំនៃសមិទ្ធិផលរបស់និស្សិតរបស់យើង នៅតែជាចំណុចអាទិភាពសម្រាប់ខ្ញុំនិងសម្រាប់ក្រុមគ្រួសារ WILDCAT ទាំងមូល។ ខ្ញុំដឹងថាខ្ញុំនឹងមិនអាចបំភ្លេចថ្នាក់សិក្សាឆ្នាំ ២០២០ទេ ទាំងបុគ្គលិកមហាវិទ្យាល័យ និងនិស្សិតផ្សេងៗទៀតដែលជាផ្នែកមួយនៃដំណើរជីវិតសិក្សារបស់និស្សិតជ័យលាភីថ្ងៃនេះ»។

AUPP ជាសាកលវិទ្យាល័យមួយដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលផ្តល់ជូននិស្សិតនូវសិក្សាកម្មវិធីសញ្ញាបត្រពីរនេះ ។ តាមរយៈកិច្ចសហប្រតិបត្តិការណ៍អប់រំរបស់ AUPP ជាមួយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) និងសាកលវិទ្យាល័យរដ្ឋហ្វតហេយ៍ (Fort Hays State University) និស្សិតដែលរៀននៅ AUPP នឹងទទួលបានសញ្ញាបត្រពីរ (Dual Degrees) បន្ទាប់ពីការបញ្ចប់ការសិក្សា ដោយជោគជ័យ។