(ភ្នំពេញ)៖ យោងតាមក្រសួងសុខាភិបាលចេញសេចក្តីប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទី១២២ ដែលជាសះស្បើយជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រសួងបានបញ្ជាក់ថា នៅពេលនេះកម្ពុជា មិនមានអ្នកជំងឺកូវីដ១៩ព្យាបាលទៀតឡើយ នៅទូទាំងប្រទេស៕