(ប៉ៃលិន)៖ លោកស្រី ជា លាភ អភិបាលរង ខេត្តប៉ៃលិន និងក្រុមការងារថ្នាក់ខេត្ត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦បាននាំយកអំណោយ ជាស្បៀង ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន២០ គ្រួសារដែលកំពុងជួបការលំបាកខ្វះខាតស្បៀង ស្ថិតក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា អំណោយជាស្បៀងនាំយកចែកជូនដល់ បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយ របស់លោក កើត សុធា អភិបាលខេត្តប៉ៃលិន។ លោកស្រីបន្តថា ថ្នាក់ដឹកនាំខេត្ត តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ហើយបានជំរុញដល់មន្ត្រី មន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ ត្រូវចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាប្រចាំផងដែរ ។

បើគ្រួសារបងប្អូនប្រជាពលរដ្ឋណាជួបការលំបាក ខ្វះខាតស្បៀងឬ ជួបគ្រោះមហន្តរាយផ្សេងៗ ត្រូវដោះស្រាយជូនភ្លាមៗដោយមិនត្រូវ បណ្តោយឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយ ដែលអាជ្ញាធរមិនបានដឹងនោះទេ។

ជាក់ស្តែងដូចពេលនេះ គ្រាន់តែបានទទួលដំណឹងពី បងប្អូនប្រជាពលរដ្ឋចំនួន ២០ គ្រួសារ កំពុងជួបការលំបាកខ្វះខាតស្បៀង  ក្រុមការងារថ្នាក់ខេត្តក៏បាននាំយកស្បៀងអាហារទៅចែកជូនបងប្អូនភ្លាម ទោះបីអំណោយស្បៀងទាំងនេះវាមិនអាចដោះស្រាយ ជូនបងប្អូន បានគ្រប់ពេលក៏ពិតមែន  តែវាអាចជួយដោះស្រាយការលំបាករបស់បងប្អូនបានមួយរយ:ពេល ដើម្បីឲ្យបងប្អូនមាន ឱកាសនិងពេលវេលាគ្រប់គ្រាន់ ទៅបង្កបង្កើនផលឬដាំដំណាំផ្សេងៗលក់ដូរសម្រាប់ចិញ្ចឹមដោះស្រាយជីវភាពគ្រួសារបានបន្តទៀត។

លោកស្រី ជា លាភ ក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវគិតគូរអំពីបញ្ហាថែរក្សាសុខភាព និងរកសេវាព្យាបាលជម្ងឺផ្សេងៗឲ្យបាន ត្រឹមត្រូវ។  ជាពិសេសស្រ្ដីដែលមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពអោយបានទៀងទាត់ និងការប្រើប្រាស់ថ្នាំព្យាបាលជម្ងឺឲ្យ បានត្រឹមត្រូវ តាមវេជ្ជបញ្ជាពេទ្យ ។ លោកបានស្នើដល់បងប្អូនប្រជាពលរដ្ឋ កុំធ្វើចំណាកស្រុក ព្រោះការងារនៅក្នុងស្រុកយើងមាន ច្រើនណាស់ តម្លៃពលកម្មក៏សមរម្យដែលយើងអាចរកកម្រៃចិញ្ចឹមគ្រួសារបានហើយយើងបានរស់នៅជួបជុំគ្រួសារ ដោយគ្មានក្ដី ព្រួយបារម្មណ៍ពីសុវត្ថិភាពផ្ទាល់ខ្លួននោះឡើយ។អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋទាំង២០គ្រួសារក្នុងមួយគ្រួសារៗទទួល បានអង្ករមួយការ៉ុង និងមីមួយកេស៕

Advertising