(កណ្តាល)៖ រាជរដ្ឋាភិបាលបានអភិវឌ្ឍន៍ ពង្រីកផ្លូវជាតិលេខ២១បេ ឲ្យធំទូលាយងាយស្រួលការធ្វើចរាចរ របស់ប្រជាពលរដ្ឋ មិនឲ្យមានការកកស្ទះ ហើយការពង្រីកផ្លូវនេះ ប្រជាពលរដ្ឋរស់នៅ លើដីចំណីក៏ជួបប្រទះ ផលប៉ះពាល់ផងដែរ។ ហេតុដូច្នេះហើយអាជ្ញាធរស្រុកស្អាង បានសម្របសម្រួលជាបណ្តោះអាសន្ន ជូនដើម្បីឲ្យពួកគាត់ មានទីកន្លែងរស់នៅ សមរម្យផងដែរ។

ជាក់ស្តែងទីតាំងដេប៉ូលក់សាំង នៅខាងមុខផ្សារស្អាងប៉ែកខាងត្បូង បន្ទាប់ពីកាត់ចំណែក សម្រាប់ធ្វើផ្លូវមកនោះ នៅសល់ដីមួយចំនួន អាជ្ញាធរក៏បានសម្របសម្រួល ជូនគាត់អាចរស់នៅបាន ជាបណ្តោះអាសន្នទៀតផង។ សកម្មភាពរបស់អាជ្ញាធរបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ តាមបណ្តោយផ្លូវជាតិលេខ២១បេ សប្បាយចិត្តយ៉ាងខ្លាំង និងបានថ្លែងអំណរគុណ ដល់អាជ្ញាធរ។

លោក ឃឹម ចាន់គីរី អភិបាលស្រុកស្អាង បានប្រាប់ថា ការសម្របសម្រួលដី ជាមួយដេប៉ូលក់សាំង ផ្សារស្អាងខាងត្បូងនោះ មិនប៉ះពាល់ដល់ដីកម្មសិទ្ធិ របស់ផ្សារនោះទេ បន្ទាប់ពីរាជរដ្ឋាភិបាលបាន ពង្រីកផ្លូវឲ្យធំទូលាយ ហើយម្ចាស់ដេប៉ូសាំងនេះ ក៏បានកាត់ដីជូនរដ្ឋ ដោយនៅសល់ទំហំទទឹងតូចតែប៉ុណ្ណោះ។ អាជ្ញាធរបានសម្របសម្រួលជូនគាត់ ដោយឲ្យម្ចាស់ដេប៉ូសាំងកាត់ដីរបស់គាត់ផ្នែកចំហៀងខាងជើង ជូនផ្សារដើម្បីបើកផ្លូវមុខផ្សារឲ្យ ធំទូលាយបង្កលក្ខណៈងាយស្រួល សម្រាប់ប្រជាពលរដ្ឋ ចូលក្នុងផ្សារមានសុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការលក់ដូរ របស់ប្រជាពលរដ្ឋផងដែរ។

លោកអភិបាលស្រុក បានបញ្ជាក់ថា «យើងបានសម្របសម្រួលឲ្យម្ចាស់ដេប៉ូ ដាក់សឺទែនសាំង នៅខាងក្រោយដេប៉ូរបស់គាត់ ប៉ុន្តែវានៅលើដីចំណីផ្លូវដដែលទេ។ ម្យ៉ាងវិញទៀតដេប៉ូសាំងនេះ គេមានប្លង់កម្មសិទ្ធិត្រឹមត្រូវ តាំងតែពីដើមមក និងមានច្បាប់អនុញាតទៀតផង»។ បើតាមលោកអភិបាល ចំពោះសម្របសម្រួលនេះ យើងទទួលបានផលចំណេញច្រើន ធ្វើឲ្យមុខផ្សារបើកធំទូលាយចំណែកទំហំដី ក៏មិនមានបាត់បង់ និងប៉ះពាល់ដល់ដីកម្មសិទ្ធិ របស់ផ្សារនោះទេ ព្រោះផ្សារប្លង់កម្មសិទ្ធិត្រឹមត្រូវ ហើយការដាក់សឺទែនសាំង ទៅក្រោយផ្សារនេះ គឺវាស្ថិតនៅលើដីចំណីផ្លូវ បន្ទាប់ពីរដ្ឋកាត់ពង្រីករួច។

លោក ចាប់ ពលវ័ន្ត ប្រធានការិយាល័យ ភូមិបាលស្រុកស្អាង បានឲ្យដឹងថា ដេប៉ូសាំង នៅខាងមុខផ្សារស្អាងខាងត្បូងនោះ ម្ចាស់មានប្លង់កាន់កាប់ ត្រឹមតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ ដែលប្លង់ជំនាន់រដ្ឋកម្ពុជា ដែលប្រជាពលរដ្ឋ និយមហៅថា ប្លង់ស្លាបមាន់ ជាប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លីដោយសារ ពីមុនប្រទេសជាតិ មិនទាន់ពង្រីកផ្លូវ គឺគាត់មានច្បាប់អនុញាត ប៉ុន្តែពេល ប្រទេសជាតិត្រូវការពង្រីកផ្លូវនោះ គឺគាត់នៅលើដីចំណីផ្លូវ។

ចំណែកលោកស្រីម្ចាស់ស្ថានីយ៍ប្រេង នៅខាងមុខផ្សារស្អាងខាងត្បូង បាននិយាយថា គាត់បានកាត់ដីដេប៉ូ របស់គាត់ផ្នែកខាងចំហៀងខាងជើង ឲ្យផ្សារដើម្បីឲ្យអ្នកទទួលវិនិយោគ បានបើកផ្លូវ ខាងមុខផ្សារឲ្យធំទូលាយហើយ គាត់បានសុំដីដាក់សឺទែនសាំង នៅខាងក្រោយដេប៉ូរបស់គាត់ ជាបណ្តោះអាសន្នតែប៉ុណ្ណោះ។ ប្រសិនថ្ងៃក្រោយរដ្ឋ ត្រូវការពង្រីកផ្លូវបន្ថែមទៀតនោះគឺគាត់ នឹងរុះរើសចេញដោយខ្លួនឯង មិនមានការតវ៉ាអ្វីទាំងអស់។

លោកស្រីបានបន្តថា ដីរបស់គាត់ គឺមានប្លង់កាន់កាប់ត្រឹមត្រូវ កាលជំនាន់រដ្ឋកម្ពុជា គឺប្លង់ស្លាបមាន់ ប៉ុន្តែទោះបីជាមានប្លង់ក៏ដោយ ក៏លោកស្រី មិនជំទាស់ពេលដែលរដ្ឋ ត្រូវការពង្រីកផ្លូវជាតិនោះ៕