(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នេះ នៅទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុប ការងារ ឆ្នាំ២០១៥ និងលើកទិសដៅបន្តឆ្នាំ២០១៦ ប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និង មេបញ្ជាការ មេបញ្ជាររង តាមទិសស្រុក-ក្រុង ទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង  ។

ក្រោយពីមេបញ្ជាការតាមស្រុក-ក្រុង  និងមន្ទីរជំនាញ បានលើកយកសកម្មភាពការងារក្នុងឆ្នាំ២០១៥ និងលើកយកចំណុចខ្លាំងនិង ចំណុចខ្សោយមកបង្ហាញដើម្បីអនុវត្តទិសដៅជោគជ័យ នៅឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានសរុបនិងលើក ឡើងសង្កត់ធ្ងន់ដោយថ្លែងឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ និងការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ឲ្យក្នុង ឱកាសបូកសរុបប្រចាំឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ លើការពង្រឹងបញ្ហា សន្តិសុខតាមមូលដ្ឋានកាន់តែខ្លាំងឡើង ជូនប្រជាពលរដ្ឋ។

មេបញ្ជាការកងរាជអាវុធហត្ថ រូបនេះបានដាក់ទិសដៅដល់កម្លាំង អ.ហ ទាំងអស់ ១-បង្ការ បង្រ្កាប សង្រ្គោះ ២-ពង្រឹងការងារសន្តិសុខ (អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៩ចំណុច) ៣-ជួយធ្វិកិច្ចការងារជូនប្រជាពលរដ្ឋ ដូចជាច្រូតស្រូវ និងធ្វើផ្ទះសំបែង ជាដើម ៤-យកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ អ.ហ ពិសេសការហូបចុក និងជំរកស្នាក់នៅ ៥-រក្សាសាមគ្គីភាពផ្ទៃក្នុងនិងសហការ គ្រប់ស្ថាប័ន ៦-ហ្វឹកហ្វឺន ស្តីអំពីច្បាប់វិន័យកងទ័ព និងបច្ចេកទេសជំនាញ ៕