(ព្រៃវែង)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ អធិការនគរបាល​ស្រុកស្វាយអន្ទរ លោក ពុំ កាន់ ត្រូវបានចាប់ខ្លួន ក្រោយមានករណីចុះ​បង្ក្រាបសង្វៀនជល់មាន់ ហើយផ្ទុះអាវុធរហូតស្លាប់មនុស្សម្នាក់ កាលពីម្សិលមិញ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នៅពេលនេះលោកអធិការ ត្រូវបានយកមកឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធាន​ការតាមផ្លូវច្បាប់ ក្រោយចាប់ខ្លួន​កាលពីម្សិលមិញ បន្ទាប់ពីមានករណីនេះកើតឡើង។

កាលពីម្សិលមិញ លោក ពុំ កាន់ អធិការនគរបាលស្រុកស្វាយអន្ទរ បានដឹកនាំកម្លាំងចុះបង្រ្កាបល្បែងសុីសងខុសច្បាប់ (មានជល់មាន់ និងបៀរអាប៉ោង) ពេលនោះស្រាប់តែលោក​ដកកាំភ្លើងខ្លីពី​ចង្កេះបាញ់ឡើងលើ ប៉ុន្តមិនដឹងយ៉ាងមិច ស្រាប់តែគ្រាប់កាំភ្លើងនោះហោះផ្លាតទៅត្រូវបុរសម្នាក់ដែលកំពុងឈរកាន់កូន បណ្តាលឱ្យដួលសម្លាប់មួយរំពេច ។

ការបង្ក្រាបល្បែងសុីសងខាងលើនេះ បានធ្វើឡើង នៅភូមិតងឡងទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ពេលនោះស្រាប់តែលោកអធិការ បានរាលកៃកាំភ្លើងខ្លី ផ្ទុះត្រូវបុរសម្នាក់​ដែលកំពុងឈរកាន់កូន បណ្តាលឱ្យដួលស្លាប់មួយរំពេច។

ប្រជាពលរដ្ឋបានប្រាប់ថា បុរសម្នាក់ដែលត្រូវគ្រាប់កាំភ្លើងចំក្បាលនោះ ឈ្មោះកិត អីម អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតងឡងទី៣ ឃុំព្រៃខ្លា និងប្រពន្ធឈ្មោះ សុឹម ម៉េង អាយុ៣៤ឆ្នាំ រស់ស្រុកជាមួយគ្នា។

បើតាមអ្នកភូមិ ខណៈដែលសមត្ថកិច្ចចុះទៅបង្រ្កាប ទីតាំងជល់មាន់ ពេលនោះអ្នកមើលនិងអ្នកលេង បាននាំគ្នារត់ចេញយា៉ងប្រសេចប្រសាច រំពេចនោះស្រាប់តែស្នូរគ្រាប់កាំភ្លើង១គ្រាប់​បានផ្ទុះបន្លើរឡើង បន្តិចក្រោយមកស្រាប់តែបុរសម្នាក់បានដួលដេកនឹងដីនៅក្នុងថ្លុកឈាម ក្រោយពីគ្រាប់កាំភ្លើងនោះបានហោះទៅទម្លុះក្បាលរបស់គាត់ធ្លាយពីម្ខាងទៅម្ខាង ។
ដោយឡែកប្រពន្ធបុរសរងគ្រោះពេលនោះបានស្រែកថា "ហេតុអីបាញ់ប្តី​ខ្ញុំអញ្ចឹង" ។ ប៉ុន្តែសមត្ថកិច្ចមិនបានឆ្លើយតបទេ ។ រីឯកូនតូចដែលត្រូវប្តីបីក្រកង​នោះក៏រងរបួសបន្តិចបន្តួចផងដែរ៕

Advertising