(កំពង់ធំ)៖ លោក ទូច សុខា អភិបាលស្រុកសន្ទុក នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បាននាំយកសំលៀកបំពាក់ ៣៨កំប្លេ ជាអំណោយរបស់លោក ហៀ ហ៊ីន ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រគល់ជូនប្រជាការពារនៅភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ពិធីនេះមានការ ចូលរួមពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារជាច្រើននាក់ផងដែរ។

លោក ទូច សុខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ប្រជាការពារភូមិ ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោក ទូច សុខា ក៏បានជម្រាបជូនអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចទាំងតួនាទី ភារកិច្ច និងសិទ្ធរបស់បងប្អូនប្រជាការពា ព្រមទាំងបានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវក្តៅ ហួតហែងនេះត្រូវប្រុងប្រយ័ត្នខ្ពស់អំពីអគ្គីភ័យឆាបឆេះផ្ទះ ត្រូវពន្លត់ភ្លើងទានធូប និងភ្លើងចង្ក្រានមុនពេលចូលសម្រាន្ត ឬចេញដំណើរក្រៅផ្ទះ និងចូលរួមការពារ ការលួច ឆក់ ជាដើម។

លោកបានសំណូមពរដល់ក្រុមការងារទាំងអស់ បន្តជួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនជាបន្តទៀត និងចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានទូលំទូលាយថែមទៀត ព្រោះថាសព្វថ្ងៃនេះបងប្អូនពលករកំពុងតែធ្វើការចំណាកស្រុកមកពីបរទេសយ៉ាងច្រើន កុះករពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយសូមក្រុមការងារត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមសហគមន៍មូលដ្ឋាន ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល ទោះបីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានការធូរស្រាល និងគ្មានអ្នកជំងឺកូវីដ១៩ណាម្នាក់នៅក្នុងប្រទេសកម្ពុជា បានស្លាប់ក៏ដោយ។

លោកបានបន្តថា ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាតែងតែនៅជាមួយប្រជាពលរដ្ឋជានិច្ច ពិសេសក្រុមគ្រួសារងាយរងគ្រោះនិងចាស់ ជរា និងអ្នកដែលមកពីក្រៅប្រទេសបានសម្រេចចិត្តដាក់ខ្លួននៅដោយឡែកពីគេ ហើយត្រូវសម្អាតនិងរក្សាអនាម័យជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងដៃជាមួយនឹងសាប៊ូ អាល់កុល និងជែលលាងដៃ មុនពេលនិងក្រោយពេលចាប់កាន់របស់ផ្សេងៗ ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទី សាធារណៈ ឬទៅផ្សារ ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

លោក ទូច សុខា ក៏បានផ្តាំផ្ញើដល់ប្រជាការពារភូមិត្រូវចូលរួមទាំងអស់គ្នា ការពារសុខភាពរបស់ខ្លូន និងក្រុមគ្រួសារជៀសផុតពីជំងឺរាតត្បាតទាំងឡាយ ដែលនាំឲ្យខាត ថវិកាពេលវេលា ឬអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង៕