(ភ្នំពេញ)៖ បុគ្គលិកក្រុមហ៊ុនឆ្នោតកោស ២នាក់ ត្រូវក្រុមហ៊ុនចាប់ប្រគល់ឲ្យនគរបាល ពាក់ព័ន្ធយកលុយក្រុមហ៊ុនជាង ៣ម៉ឺនដុល្លារ គ្មានលុយសង។ ហេតុការណ៍នេះ កើតឡើងនៅសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមហ៊ុនឆ្នោតកោស «ស៊ីន នីវ» តាមផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យទី១៖ ឈ្មោះ ប្រាក់ ជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ បុគ្គលិកឆ្នោតក្រុមហ៊ុនឯកជន ស្នាក់នៅភូមិសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ, ទី២៖ ឈ្មោះ អាត់ ប៊ុនធឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកឆ្នោតក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ WANG HANXIANG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន មុខរបរនាយកក្រុមហ៊ុនឆ្នោតកោស «ស៊ីន នីវ» ស្នាក់នៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានដាក់ពាក្យបណ្ដឹង ទៅលើបុគ្គលិក២នាក់ យកលុយក្រុមហ៊ុន ៣២,១៥០ដុល្លារសងខ្លះ នៅខ្វះ២៩,៧៥០ដុល្លារទៀត។

លោក សាល សណ្ដុះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឲ្យដឹងថា បានទទួលបុគ្គលិកឆ្នោតកោស ចំនួន២នាក់ ដែលថៅកែចិនប្ដឹងថា យកលុយក្រុមហ៊ុន ៣២,១៥០ដុល្លារ។

លោកបន្ដថា ជនរងគ្រោះ បានរៀបរាប់ថា បុរសឈ្មោះ ប្រាក់ ជាតិ យកឆ្នោតកោស ដែលមានទឹកលុយស្មើនឹង២០,៥៥០ដុល្លារ តែបានសងក្រុមហ៊ុនវិញ តែ១,៤០០ដុល្លារ។ ដោយឡែកឈ្មោះ អាត់ ប៊ុនធឿន យក១១,៦០០ដុល្លារ តែបង់សងទៅក្រុមហ៊ុន ចំនួន១,០០០ដុល្លារ។

ជនសង្ស័យទាំង២នាក់ ជាបុគ្គលិកក្រុមហ៊ុន នៅខ្វះលុយចំនួន២៩,៧៥០ តាំងពីខែឧសភា ឆ្នាំ២០១៩ មករហូតបច្ចុប្បន្ន រយះពេល១ឆ្នាំគត់ នៅតែគ្មានលុយសង ក៏ក្រុមហ៊ុនសំរេចចិត្ត ចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ កសាងសំណុំរឿងយោងតាមពាក្យបណ្ដឹងថៅកែ ក៏បានបញ្ជូលទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕