(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា តាំងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា និងភរិយា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយ នូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខមហាមង្គលដ៏ល្អប្រសើរថ្លៃថ្លាបំផុតថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧យាងចូល ៦៨ព្រះវស្សា។

នាឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ សូមសម្ដែងថ្វាយនូវកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់ បំផុតចំពោះព្រះមហាករុណាទិគុណ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជានិច្ចកាលព្រះអង្គតែងបំពេញ ព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមបូជាព្រះកាយពលក្នុងបុព្វហេតុបម្រើជាតិ។

ព្រមជាមួយនេះ ព្រះអង្គតែងយកព្រះរាជហឫទ័យ ទុកដាក់ជាទីបំផុត រាល់ព្រះរាជកិច្ចសង្គមនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពសុខដុមរមនា សម្បូរសប្បាយ ចម្រុងចម្រើនថ្កុំថ្កើនរុងរឿងជូនប្រជារាស្ត្រទូទាំងប្រទេស និងសូមគោរពដង្ហែតាមព្រះរាជកិច្ចដឹកនាំដោយភក្ដីភាពស្មោះ ស្ម័គ្របំផុត ដើម្បីសុខសន្តិភាពជាមហាគ្រួសារខ្មែរប្រកបដោយសុភមង្គល ដើម្បីកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយលើកអញ្ជលីប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ទេវតាឆ្នាំថ្មី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះរាជតេជបារមី នៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ថែរក្សាអភិបាលបោះពំនូវព្រះរាជសព្ទសាធុការពរជ័យ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ សូមទ្រង់បានប្រកបដោយព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីបន្តព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ជូនជាតិមាតុភូមិអង្គរដ៏បវររុងរឿងនៃយើង និងគង់ប្រថាប់ នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនា ដល់ប្រជារាស្ត្ររបស់ព្រះអង្គយូរអង្វែងតរៀងទៅ៕