Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីសាធារណការ អះអាងថា រដ្ឋាភិបាលកម្ពុជានឹងខិតខំថែរក្សាផ្លូវជាតិលេខ៤ ឱ្យកាន់តែប្រសើរឡើង

14-01-2016 00:06

(ភ្នំពេញ)៖ នៅខណៈពេលនេះផ្លូវជាតិលេខ៤ ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលគ្រប់គ្រងវិញហើយ នៅម៉ោង១២៖០០នាទីយប់ថ្ងៃចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីដកហូតផ្លូវជាតិលេខ៤ ពីក្រុមហ៊ុនឯកជនត្រឡប់មកវិញនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំថែរក្សាផ្លូវជាតិលេខ៤ ឱ្យបានល្អប្រសើរយូរអង្វែង។

លោក ត្រាំ អ៊ីវតឹក បានអះអាងបែបនេះ នៅក្នុងពិធីប្រគល់ផ្លូវជាតិលេខ៤ ពីក្រុមហ៊ុន AZ Distribution ឱ្យទៅក្រសួងសាធារណការគ្រប់គ្រង នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងខិតខំទប់ស្កាត់ការដឹកលើសទម្ងន់ ដើម្បីធានាកុំឱ្យខូចផ្លូវ ហើយនឹងខិតខំស្វែងរកជំនួយផ្សេងៗ ដើម្បីថែទាំផ្លូវនេះឱ្យបានយូរអង្វែង។

សូមជំរាបថា ម៉ោងជាង១០៖០០យប់ ក្រុមហ៊ុន AZ បានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរ តាមផ្លូវជាតិលេខ៤ ដោយសេរីមិនមានការបង់ប្រាក់នោះទេ ហើយទោះបីជាក្រុមហ៊ុនរើចេញ ក៏ដោយប៉ុន្តែសម្ភារៈមួយចំនួន សម្រាប់ត្រួតពិនិត្យការដឹកលើទម្ងន់ នៅតែរក្សាទុកនៅកន្លែងដដែល ដើម្បីជូនដល់រាជរដ្ឋាភិបាលគ្រប់គ្រង៕