(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការបំពេញបេសកកម្ម របស់កងទ័ពមួកខៀវកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលកំពុងហួងហែង ដោយសារតែភ្លើងសង្គ្រាម ជាការលះបង់ដែលមិនអាចកាត់ថ្លៃបាន ព្រមទាំងកសាងកិត្យានុភាពសម្រាប់កម្ពុជា និងពង្រឹងចំណងមិត្តភាព ជាមួយបណ្តាប្រទេសជាមិត្ត។

ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងស្របពេលប្រទេសកម្ពុជា ប្រកាសមិនរុញរាក្នុងការបញ្ជូនកងទ័ពរបស់ខ្លួន ដើម្បីចូលរួមជាមួយអង្គការសហប្រជាជាតិ បំពេញបេសកកម្មនៅក្នុងប្រទេសដែលមានសង្គ្រាមស៊ីវិល។ បន្ថែមពីនេះ កម្ពុជានឹងបង្កើនចំនួន ស្ត្រីជាកងទ័ពមួកខៀវកម្ពុជាឱ្យបាន១៥% ព្រោះថា កម្លាំងស្រីកងទ័ពមួកខៀវ គឺមានតួនាទីចូលរួមចំណែកទប់ស្កាត់អំពើហិង្សាលើស្រ្តីនៅក្នុងតំបន់ មានជម្លោះ។

កិច្ចការងារមួយនេះ មិនមែនទើបតែធ្វើនោះទេ គឺកម្ពុជាបានធ្វើតាំងពីពេលមុនៗ មកតាមរយៈជំនួបពិភាក្សា នោះភាគីទាំងពីរ ចាត់ទុកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ នេះមានសារៈសំខាន់ ដែលបាននាំមកនូវគំនិតផ្តួចផ្តើមថ្មី និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាការដោះស្រាយបញ្ហាផ្សេងៗផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្មួយៗកងទ័ពរបស់យើង បានលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ នេះគឺជាការលះបង់ ដែលមិនអាចកាត់ថ្លៃបាន ក្នុងបេសកកម្មស្វែងរកសន្តិភាពជូនបណ្តាប្រទេសដែលកំពុងមានសង្គ្រាម កសាងកិត្យានុភាពសម្រាប់កម្ពុជា និងពង្រឹងចំណងមិត្តភាពជាមួយបណ្តាប្រទេសជាមិត្ត»

បើយោងតាមរបាយការណ៍ បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវ ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានាចំនួន ៦,០៥៣នាក់ នារី ២៨៥នាក់។ កម្ពុជា បានក្លាយជាប្រទេសដែលបានរួមចំណែកធំបំផុតក្នុងអាស៊ាន ដែលបានមានកម្លាំងរក្សាសន្តិភាពកំពុងបំពេញបេសកកម្មនៅតាមបណ្តាប្រទេសនានា។ បច្ចុប្បន្នកងកម្លាំងកម្ពុជា ៧៩៧នាក់ មាននារី ៥៤នាក់ បានដាក់ពង្រាយនៅតាមបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រីក និងមជ្ឈឹមបូព៌ា៕