(ព្រះវិហារ)៖ ជនសង្ស័យប្រុសស្រី ចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុករវៀង ខេត្តព្រះវិហារ បានឃាត់ខ្លួន ក្នុងករណីបង្រ្កាបគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចផ្ទះសំណាក់យី «ហោភ្នំមាស» ក្នុងភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានថ្លែប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា ការបង្ក្រាបករណីគ្រឿងញៀន គឺធ្វើតាមបទបញ្ជា និងការការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាល ខេត្តព្រះវិហារ និងចម្លើយសារភាពរបស់ឈ្មោះ ផាន សង់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិរំចេក ឃុំរម្មណីយ៍ ស្រុករវៀង ទើបលោកដឹកនាំកម្លាំងជំនាញគ្រឿងញៀន ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរម្មណីយ៍ ចុះបង្រ្កាបទទួលបានជោគជ័យ និងឃាត់ខ្លួនជនសង្ស័យ ស្រីប្រុស៤នាក់ ព្រមទាំងរឹបអូសវត្ថុតាងគ្រឿងញៀន ១៤កញ្ចប់ និងសម្ភារមួយចំនួនទៀត។

លោកអធិការស្រុក បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕