(ភ្នំពេញ)៖ រហូតដល់ម៉ោង១០៖០០យប់ ថ្ងៃទី១៣ ខែមករានេះ គេសង្កេតឃើញ ក្រុមហ៊ុន AZ​ រើ​បញ្ជររបស់ខ្លួនដោយបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៤ ដោយសេរីមិនមានការបង់ប្រាក់នោះទេ។

សូមបញ្ជាក់ថា សូមជំរាបថា នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនAZ លើបញ្ហាផ្លូវជាតិលេខ៤ ចាប់ពីម៉ោង 00:00នាទី យប់ថ្ងៃនេះតទៅ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ អាចធ្វើដំណើរលើផ្លូវជាតិលេខ៤ ដោយមិនមានការបង់ប្រាក់តទៅទៀត។ ក្រោយការប្រកាសនេះ រាជរដ្ឋាភិបាលកម្ពុជា​បានចេញសេចក្តី​សម្រេចជាផ្លូវ​ការមួយ ដោយលុបចោលកិច្ចព្រមព្រៀងលើការផ្តល់សេវាថែទាំ យកកម្រៃនិងជួសជុលផ្លូវជាតិលេខ៤ ជាមួយក្រុមហ៊ុន AZ តែម្តង។

ក្រុមហ៊ុន AZ ​នឹងប្រគល់សិទ្ធិគ្រប់គ្រងផ្លូវជាតិលេខ៤ ជាផ្លូវការជូនដល់ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅម៉ោង១២៖០០យប់ ថ្ងៃទី១៣ ឈានចូល១៤ ខែមករា ឆ្នាំ២០១៦នេះតទៅ៕