(រតនគិរី)៖ ប្រជាសហគមន៍ភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវប្រមាណជា៨០នាក់បានចាប់ឈើប្រភេទសុក្រំមនៅមុខប៉ុស្តិ៍ ៧០៩ ឬហៅថាប៉ុស្តិ៍ណងដា ការពារព្រំដែន។  

ប្រជាសហគមន៍បន្តថា ពេលពួកគាត់ទៅដល់ប៉ុស្តិ៍ណងដាសួររកអ្នកដែលកាប់ឈើពីព្រៃអារក្សរបស់សហគមន៍ ដំបូងឡើយខាងប៉ូលិសការពារព្រំដែននេះ បានបដិសេធថា ក្រុមរបស់ខ្លួន​មិនបានកាប់​ឈើពីព្រៃអារក្សសហគមន៍នោះទេ មានតែក្រុមហ៊ុន៧មករាផារីទេ ជាអ្នកកាប់ព្រោះព្រៃនោះវាស្ថិតនៅក្នុងផែនទីរបស់ក្រុមហ៊ុន ស្រាប់តែសហគមន៍ចុះទៅមាត់ទន្លេ ក៏ឃើញឈើជាច្រើនដុំរាប់មិនអស់ ព្រោះនៅក្នុងបាតទន្លេហើយសហគមន៍​ក៏នាំគ្នាលើកយកមកលើគោក​បាន២០ដុំមាន​មុខ២០ មុខ៣០ ប្រវែង២ម៉ែត្រ ទៅ៣ម៉ែត្រ ហើយពួកគាត់លើក​ឈើទាំងនេះមកលើគោក​ ដើម្បីថតទុកជាភស្តុតាង តែពួកមិនមានលទ្ធភាព​ដឹកជញ្ជូនទៅរក្សា​ទុក​ក្នុងភូមិនោះទេ។ ពេលឃើញឈើដូច្នេះ មន្ត្រីប៉ូលិសខាងលើ និយាយទៅកាន់សហគមន៍ថា អ្នកឯងមានសិទ្ធិស្អីបានជាមកចាប់ឈើសមត្ថកិច្ច?

ក្រោយម​កសហគមន៍ត្រឡប់មកភូមិ ហើយរាយការណ៍ទៅលោកមេភូមិថា ប៉ូលិសណងដា បដិសេធការចោទប្រកាន់ខាងលើ ហើយមេភូមិលឺដូច្នេះ មិនអស់ចិត្តក៏ទូរស័ព្ទទៅសួរខាងក្រុមហ៊ុន តែខាង​ក្រុមហ៊ុនបដិសេធថាមិនបានកាប់ឈើក្នុងព្រៃអារក្សរបស់សហគមន៍នោះទេ ម្យ៉ាងវិញសហគមន៍ និងក្រុមហ៊ុនបានធ្វើកិច្ចសន្យា​ជាមួយគ្នារួចហើយថា​មិនរំលោភបំពាន​លើគ្នាទៅវិញ​ទៅមកឡើយ​។ ក្នុងថ្ងៃ​ដដែលនេះសហគមន៍បានប្តឹងទៅប៉ូលិសប៉ុស្តិ៍ ឃុំសេសាន តែប៉ុស្តិ៍សេសាន​មិនទាន់អន្តរាគមន៏នៅឡើយ​ទេរហូតមកដល់ម៉ោងនេះ។

សហគមន៍បន្តថា នៅថ្ងៃស្អែកសហគមន៍នឹងឡើងមកខេត្ត ដើម្បីស្វែងរកការអន្តរាគមពី អង្គការ ការពារសិទ្ធិមនុស្ស លីកាដូ ពីព្រោះករណីខាងលើនេះកើតឡើង​ជាច្រើនលើកមកហើយ តែគ្មាន​សមត្ថកិច្ច​​ពាក់ព័ន្ធ​ណា​មួយជួយអន្តរាគមន៍ និងទប់ស្កាប់រាល់បទល្មើស​ព្រៃឈើនេះ​ទាល់តែសោះ៕