(ភ្នំពេញ​)៖ ថ្ងៃនេះជាមួយនឹងកាដូដ៏ធំថ្មីមួយទៀតពីសំណាក់សម្ដេចតេជោ ចំពោះប្រជាជនកម្ពុជាទាក់ទងទៅនឹងចរាចរនៅលើផ្លូវជាតិលេខ៤ ដោយលុបចោលការបង់ប្រាក់ នៅរសៀលថ្ងៃនេះ ​​រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅដើមឆ្នាំ២០១៦នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​របស់ក្រសួង ដើម្បីចុះពិនិត្យព្យាបាលជម្ងឺទូទៅ និងចែកវ៉ែនតាជូនដល់ពលរដ្ឋនៅសង្កាត់ទឹកថ្លាដោយមិនបានត្រូវបង់ប្រាក់។ ​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ លោក​ ម៉ម ​ប៊ុនហេង បានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ នារសៀលថ្ងៃនេះថា​ គ្រាន់តែនៅដើមឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានការដូធំៗជាច្រើនបន្តបន្ទាប់សម្រាប់ប្រជាជនកម្ពុជា ។ ​​​​​​​​ពិសេសថ្ងៃនេះទៀត គឺនៅផ្លួវជាតិលេខ៤ ត្រូវបានលុបចោល លែងឲ្យមានការបង់ថ្លៃតទៅទៀតហើយ ​ចាប់ពីម៉ោង១២យប់នេះទៅ ។ ​​​​​​

រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅបានបន្តថា​ ដោយឡែកចំពោះក្រសួងសុខាភិបាលវិញ នៅក្នុងឱកាសដើមឆ្នាំ២០១៦នេះដែរ នៅរសៀលថ្ងៃនេះ ក្រសួងក៏មាន ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់ក្រសួងជាច្រើននាក់ រួមទាំងគ្រូពេទ្យបរទេសមួយចំនួនផងដែរ បានចុះមកសង្កាត់ទឹកថ្លា ដើម្បីពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយពុំមានការគិតថ្លៃនោះឡើយ ហើយជាមួយគ្នានេះ ក៏មានការវាស់ភ្នែកពលរដ្ឋ ចាស់ៗ និងចែកវ៉ែនតាជូនដល់ពួកគាត់ដោយពុំបានគិតថ្លៃផងដែរ ។​​

ទន្ទឹមគ្នានិងការថ្លែងឡើងបែបនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏នៅបានសំណូមពរដល់ពលរដ្ឋ បើមានសុខភាពមិនស្រួល សូមមកពិនិត្យជម្ងឺនៅមន្ទីរពេទ្យរដ្ឋ ហើយបើមានបញ្ហាអ្វីដែល មិនយល់គ្នា សូមនិយាយគ្នាត្រង់ទៅត្រង់មក ដូចជាបងប្អូន ក្នុងគ្រួសារតែមួយ កុំប្រកាន់គ្នា ។​​​​​​​​បញ្ហាដែលសំខាន់នោះគឺ ក្រុមគ្រូពេទ្យ ត្រូវតែមានក្រមសិលធម៌វិជ្ជាជីវៈឲ្យបានត្រិមត្រូវ ហើយបន្តការពិនិត្យនិងព្យាបាលជម្ងឺជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងធានាបានសុខមាលភាពជូនប្រជាពលរដ្ឋ ហើយត្រូវបានពលរដ្ឋកាន់តែមានភាពកក់ក្ដៅ និងជឿជាក់មកលើក្រុមគ្រូពេទ្យរបស់រដ្ឋ ៕​​