(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នឹងបើកសវនាការមួយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ ដើម្បីដោះស្រាយចំពោះបណ្តឹងរបស់មេធាវីលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា។

ក្នុងបណ្តឹងនេះ គឺមេធាវីប្តឹងជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលទទួលយកភស្តុតាងដាក់បន្ទុកបន្ថែមពីតំណាងអយ្យការ លើលោក កឹម សុខា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាឧទ្ធរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។

លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយវីដេអូមួយ ដែលលោកសារភាពថា លោកអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក លោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។

ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។

លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ រហូតដល់ពេលនេះ លោកមិនទាន់បានរួចផុតពីការចោទប្រកាន់នៅឡើយទេ ដោយតុលាការកំពុងតែបន្តនីតិវិធីសវនាការ លើសំណុំរឿងរបស់លោកជាបន្តបន្ទាប់ ខណៈត្រូវផ្អាកមួយរយៈសិន រង់ចាំស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ៕