(ភ្នំពេញ)៖ រថយន្តម៉ាក Highlander ១គ្រឿងត្រូវបានចោរលួចយកទៅបាត់ស្រមោល ខណៈដែលម្ចាស់ចតទុកក្បែរផ្ទះហើយរវល់ហូបបាយ ប៉ុន្តែជាសំណាងរយៈពេលប្រហែលជាង ១ម៉ោង ក្រោយមកត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ចេញល្បាតប្រទះឃើញចោរកំពុងតែសម្ងំដោះដូរស្លាកលេខ ក៏ចូលទៅសួរនាំស្រាប់តែចោររត់បាត់អស់ ទើបរឹបអូសយករថយន្តនេះ ទៅប្រគល់ជូនម្ចាស់វិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីកាលពីវេលាម៉ោង១០យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចខាងក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-7217 ប៉ុន្តែក្រោយពេលលួចបានជនសង្ស័យបានប្ដូរដាក់ស្លាកលេខភ្នំពេញ2BD-9025 វិញ ហើយមានម្ចាស់ឈ្មោះ កាន គឹម ទី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់គុយទាវ រស់នៅក្នុងបុរីឡុងនី ភូមិកើតហេតុខាងលើ។

នៅមុនកើតហេតុ គាត់បានទុកនៅចំហផងផ្ទះរួចបានទៅហូបបាយនៅខាងក្នុងផ្ទះ លុះជាង១ម៉ោងក្រោយទើបដឹងថា បាត់ហើយមានការភ្ញាក់ផ្អើលឆោរឡោតាមរកមិនឃើញឡើយ។

សមត្ថកិច្ចបានបន្តថា បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១បានចេញល្បាតនៅក្នុងមូលដ្ឋានកន្លែងកើតហេតុ ស្រាប់តែប្រទះឃើញរថយន្តខាងលើ ទុកកៀនព្រៃជិតរបងរោងចក្រមួយកន្លែង ខាងក្រោយផ្សារឯករាជ្យ១ ដោយឃើញក្នុងរថយន្ត មានភ្លើងពិលទូរសព្ទផ្លុងៗ ក៏ចុះទៅមើលរថយន្តខាងលើ ក៏ឃើញជនសង្ស័យចំនួន២ បានរត់ចេញពីរថយន្ត ធ្វើឲ្យមានការសង្ស័យ ទើបដើរមកក្បែររថយន្ត ហើយបានប្រទះឃើញសម្ភារៈមួយចំនួន រួមមានអត្តសញ្ញាណប័ណ្ណនិងកាតធនាគារនៅក្រោមរថយន្ត រហូរដល់ថ្ងៃទី១២ ខែឧសភា ទើបទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល ចោមចៅទី១ ហើយនគរបាលក៏បានប្រគល់រថយន្តឲ្យទៅជនរងគ្រោះវិញផងដែរ៕